សេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀនពាក់ព័ន្ធការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអនឡាញមួយចំនួន បង្កើតឱ្យមានការភ័ន្តច្រឡំមកលើកិច្ចការងារបង្ក្រាបបទល្មើសគ្រឿងញៀនរបស់កម្លាំងនគរបាលជាតិ

0

ភ្នំពេញ​៖ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ជម្រាប​ជូន​សាធារណជន ឱ្យ​បាន​ជ្រាប​ថា នា​ពេល​ថ្មី​ៗ​នេះ អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​តូច បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​លក្ខណៈ បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន ដោយ​បាន​បង្ហោះ​រូបថត​ជនល្មើស និង​ថ្នាំ​ញៀន ដែល​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បង្ក្រាប បាន​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥​ជាមួយ​ខ្លឹមសារ​ថា «​មាន​គេ​សួរ​៖ ហេតុ​អ្វី​បានជា​លោក​ប៉េ​អិ​ម​បង្ក្រាប​គ្រឿងញៀន​យូរ​ៗ​ម្ដង​សោះ បាន​ច្រើន​រាប់រយ​គ​.​ក មាន​ទាំង​កាំភ្លើង ក្របួច​បាន​ទាំង​មេខ្លោង​ធំ​ៗ​ទៀត​? ចុះ​លោក​ប៉ូលិស​វិញ? គេ​ឃើញ​បង្ក្រាប​គ្រឿងញៀន​យ៉ាង​សកម្ម​ស្ទើរ​រាល់ថ្ងៃ តែ​តូចតាច កំប៉ិកកំប៉ុក ហើយ​ចាប់​បាន​តែ​អ្នក​ជក់ ឬ អ្នក​កាន់​ថ្នាំ​១​ឬ​២​ក្រាម​..​មិន​ដែល​ចាប់​បាន​ទេ​មេខ្លោង​។ មិនតែប៉ុណ្ណោះ​លាក់លៀម​ៗ មិន​ដែល​ឲ្យ​កាសែត​ផ្សាយ​ទេ​។ {​សុំ​សរសើ​ដោយ​ស្មោះ ចំពោះ​កិច្ច​ប្រតិបត្តិការ​របស់​លោក​ប៉េ​អិ​ម​)» ។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាត់​ទុក​ការ​ផ្សព្វផ្សាយ​របស់​អ្នក​ព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​តូច​នេះ មិន​បាន​ឆ្លុះ បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ គ្រាន់តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន ដើម្បី​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​តែ ប៉ុណ្ណោះ​។ មន្ទីរ​ប្រឆាំង​គ្រឿងញៀន សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​បន្ត​ចាត់​ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ទិស​ដៅ​អាទិភាព តាម​រយៈ​ការ​ដាក់​បញ្ចូល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​បរិស្ថាន​គ្របដណ្តប់​នៃ​ស្នូល​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ វិធានការ​គន្លឹះ​ទាំង​៥ និង​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​។ បន្ថែម​លើក​ពី​នេះ រាជរដ្ឋាភិបាល​បាន​បន្ត​ដាក់​ចេញ​នូវ​យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន ខុស ច្បាប់ ដែល​មក​ដល់​ពេល​នេះ​មាន​ចំនួន​៩​លើក​មក​ហើយ​។ ដើម្បី​អនុវត្តន៍​ផែនការ អាទិភាព​របស់​រាជរដ្ឋាភិបាល កម្លាំង​នគរបាល​ផែន​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ករណី​ធំ​ៗ (​ធ្ងន់ធ្ងរ​)​ជា​ច្រើន​ករណី ព្រមទាំង​ចាប់​មេខ្លោង និង​បណ្តាញ​ជា​ច្រើន​នាក់ ហើយ​រឹបអូស​បាន​គ្រឿងញៀន​ជា​ច្រើន​តោន​ក្នុង​១​ឆ្នាំ​ៗ​ថែម​ទៀត​ផង (​ជាក់ស្តែង​ដូច​មាន​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ ២០២៤)​។
ជា​ថ្មី​ម្តងទៀត មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្នុង​នាម​អង្គភាព​ចូលរួម​អនុវត្តន៍​ច្បាប់​គ្រឿងញៀន សូម​ច្រានចោល ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​តូច ដែល​បង្កើត​ព័ត៌មាន​តាម​អារម្មណ៍​ផ្ទាល់ ខ្លួន បង្កើត​ឱ្យ​មានការ​រើសអើង​រវាង​មន្ត្រី​អនុវត្តន៍​ច្បាប់ ពិសេស​បន្តុះបង្អាប់​លើ​កងកម្លាំង​នគរបាល​ជាតិ ដែល​បាន និង​កំពុង​បំពេញការងារ​បម្រើប្រជាជន ក្នុង​ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​សង្គម​ជាតិ​។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​អន​ឡាញ​ទាំងនោះ ធ្វើការ​កែតម្រូវ​ជា​បន្ទាន់​នូវ​ការ​ផ្សព្វផ្សាយ របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕

May be an illustration of text