អាជ្ញាធរជាតិអប្សរារយៈពេលមួយខែនេះ បានផ្គត់ផ្គង់ទឹកសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋចំនួនជិត២ពាន់ហិកតានាដើមរដូវប្រាំងក្នុងខែមករា ឆ្នាំ២០២៥នេះ ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះថា ការផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ដែលត្រូវការទឹកជាចាំបាច់ សម្រាប់ស្រោចស្រពស្រែប្រាំងបានធ្វើឡើងនៅតាមភូមិសាស្រ្តឃុំ-សង្កាត់នានា ដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចលើទំហំផ្ទៃដីសរុបចំនួន១.៩៦៩ហិកតា ។ក្នុងនេះមាន៖បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តសង្កាត់សៀមរាប ក្រុងសៀមរាប លើផ្ទៃដីស្រែប្រាំងចំនួន១ ៣៥៤ហិកតា តាមស្ទឹងសៀមរាប,បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តតំបន់កូនក្អែក និងថ្នល់តាអេង ឃុំខ្នាត ស្រុកពួក លើផ្ទៃដីស្រែប្រាំងចំនួន៣០០ហិកតា តាមប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច, បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួកចំនួន៣១៥ហិកតា តាមទ្វារទឹកភូមិគោកត្នោតលើប្រឡាយអូរដំរីស្លាប់ និងទ្វារទឹកដូនកែវ ទ្វារទឹកភូមិប្រាសាទចារយ្យ ភូមិល្បើក លើប្រឡាយអូរខ្លូត៕