ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអះអាងថា គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកនេះសម្រេចបានស្ទើតែមួយរយភាគរយហើយ។ ដោយគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹក ចេញពី ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ នេះ ក្រៅពីកាត់បន្ថយការជន់លិចរាជធានីភ្នំពេញដោយជំនន់ទឹកភ្លៀងហើយនោះ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ។
យោងតាមតេលេក្រាម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា ប្រព័ន្ធរំដោះ និងពង្វាងទឹក ចេញពី ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ មានសមត្ថភាពអាចពង្វាងទឹក និងរំដោះទឹកបានប្រមាណ៧០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី។
យោងតាមរបាយការណ៍បានអោយដឹងថា វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ សម្រេចលទ្ធផលបានដូចខាងក្រោម៖
– ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%
– ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%
– ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លា គូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%
– ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា ៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៨៧%
– ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។
សូមបញ្ជាក់ថា គម្រោងរំដោះ និងពង្វាងទឹកនេះ អាចធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ដើម្បីសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ៦៥%ដោយសុវត្ថិភាព ៕