ក្រសួងសាធារណការ កំពុងត្រៀមអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ និងលូទឹកភ្លៀង បៃតងក្នុងក្រុងសៀមរាបនិងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ

0

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងត្រៀមអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ និងលូទឹកភ្លៀង បៃតងក្នុងក្រុងសៀមរាបនិងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ សំដៅថែរក្សាបរិស្ថាន និងសុខភាពប្រជាជន។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ក្រសួងសាធារណការ បានបញ្ចប់ការសាងសង់បណ្តាញលូគ្រប់ប្រភេទ ដោយប្រើប្រាសថវិកាជាតិ មានប្រវែងសរុប ៤០ ៤៧៦ ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ចាម បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន តាកែវ ព្រៃវែង បន្ទាយមានជ័យ ស្វាយរៀង កណ្តាល និងព្រះសីហនុ និងសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោង សាងសង់ទីលានចាក់សំរាមក្រុងក្រចេះ ក្រុងស្ទឹងត្រែង និងក្រុងកំពង់ចាម។

ឯកឧត្តម បានបន្តថា ក្រសួង សាធារណការ បានបញ្ចប់ការរៀបចំចងក្រងគំនូរប្លង់បទដ្ឋានបច្ចេក ទេស និងប្រព័ន្ធគ្រប់គ្រងទិន្នន័យវិស័យ ប្រព័ន្ធចម្លោះទឹកកខ្វក់(GIS) នៅក្រុងកំពង់ឆ្នាំង ក្រុងកំពង់ចាម ក្រុងសិរីសោភ័ណ និង ក្រុងប៉ោយប៉ែត និងបានបញ្ចប់ការសិក្សាបុរេសមិទ្ធិលទ្ធភាពបណ្តាញលូទឹកកខ្វក់ចូលស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម បានបន្តថា ក្រសួងសាធារណការ បាននិងកំពុងអនុវត្តគម្រោងវិនិយោគបន្ទាន់ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់ បញ្ចៀសការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងគម្រោងសាងសង់បណ្តាញលូគ្រប់ ប្រភេទ ដោយប្រើប្រាស់ថវិកាជាតិ ប្រវែងសរុបជាង ១១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តស្វាយរៀង បាត់ដំបង កណ្តាល តាកែវ និងកំពង់ចាម និងដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍ ប្រវែង សរុប ៩៧៣គីឡូម៉ែត្រ ក្នុងក្រុងបាវិត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សិរីសោភ័ណ ប៉ោយប៉ែត កំពង់ធំ កំពត កំពង់ចាម ក្រចេះ និងស្ទឹងត្រែង រួមជាមួយនឹងគម្រោងស្តារស្ទឹងសៀមរាប គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ (ជំហាន១), គម្រោងសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន ១២កន្លែង និងទីលានទុកដាក់សំរាម ចំនួន ១៤កន្លែង នៅតាមបណ្តាខេត្តក្រុងសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តម បានបញ្ជាក់ថា ក្រសួងបាននិងកំពុងត្រៀមអនុវត្តគម្រោង រួមមាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ និងលូទឹកភ្លៀង បៃតងក្នុងក្រុងសៀមរាប, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ (ជំហាន២), គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ក្រុងច្បារមន ក្រុងព្រះសីហនុ និងក្រុងខេមរភូមិន្ទ និងគម្រោងសាងសង់ប្រព័ន្ធចម្លោះទឹកកខ្វក់ បណ្តាញលូ និងទីលានទុកដាក់សំរាមនៅតាម ក្រុងសំខាន់ៗមួយចំនួនទៀត ដូចជា ក្រុងតាខ្មៅ ច្បារមន ពោធិ៍សាត់ បាត់ដំបង សៀមរាប បាវិត ប៉ោយប៉ែត កំពត កែប និងក្រចេះ៕