តាកែវ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ អាជ្ញាធរ និងមន្រ្តីជំនាញខេត្ដតាកែវ ចុះពិនិត្យដំណើរការអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករ ក្នុងស្រុកបាទី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
បន្ទាប់ពីចុះជួបសំណេះសំណាល និងដោះស្រាយជូនបងប្អូនកសិករក្រោយពីមានសំណូមពរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យជាលើកទី២ ដើម្បីតាមដានដំណើរការរបស់អាជ្ញាធរ និងមន្រ្តីជំនាញដែលកំពុងអន្តរាគមន៍បញ្ជូនទឹកទៅកាន់ប្រឡាយដែលប្រឈមគ្រោះរាំងស្ងួត និងបានជំរុញឱ្យអាជ្ញាធរ ខិតខំប្រឹងប្រែងសហការគ្នា ជាមួយមន្ដ្រីជំនាញ មន្ទីរ ដើម្បីឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែលជួបប្រទះបញ្ហាកង្វះទឹក។ ដូច្នេះ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងស្តារប្រឡាយ និងម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងដើម្បីបង្កើនលទ្ធភាពបញ្ជូនទឹកបំពេញប្រឡាយដែលខ្វះទឹក។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានពិនិត្យឃើញថា ទន្ទឹមនឹងអាជ្ញាធរដែនដីកំពុងមមាញឹកអន្តរាគមន៍ទឹក បងប្អូនប្រជាពលរដ្ឋជាច្រើនក៏បានសហការ និងសាមគ្គីគ្នាជួយជាកម្លាំងដើម្បីឱ្យកិច្ចការអន្តរាគមន៍ទឹកនេះកាន់តែមានល្បឿនលឿន ខណៈកសិករទាំងអស់នឹងចាប់ផ្តើមបូមទឹកស្រោចស្រពស្រូវប្រាំងក្រោយរយៈពេល៤ថ្ងៃទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញក្នុងខេត្តផ្សេងទៀតត្រូវបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកឱ្យបានដល់ស្រូវប្រាំងរបស់កសិករគ្រប់គ្នាដើម្បីបង្ការការខូចខាតដំណាំរបស់ប្រជាកសិករ៕







