ភ្នំពេញ៖ ក្រសួងបរិស្ថានបានដាក់ឧបករណ៍តាមដានគុណភាពខ្យល់ចំនួន៦០កន្លែងនៅទូទាំងរាជធានី ខេត្ត និង១០កន្លែងនៅរាជធានីភ្នំពេញ ខណៈទិន្នន័យឃើញថាខ្យល់ នៅកម្ពុជាមានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហមដែលមិនអាចចាត់ទុកកើតជាបញ្ហានោះទេ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា កាចុះអ័ព្ទនៅកម្ពុជាមិនមានការជាប់ពាក់ព័ន្ធ និងធ្វើឱ្យមានការកើនឡើងបរិមាណខ្យល់ពុលនោះទេ។ ឯកឧត្តមលើកឡើងថា សារធាតុបំពុលខ្យល់បានកើនឡើងនៅក្នុងប្រទេសកម្ពុជាមិនមានដល់បន្ទាត់ក្រហម ដែលចាំបាច់ចេញវិធានការឱ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ មិនឱ្យចេញពីផ្ទះ ឬពាក់ម៉ាស នៅទីសាធារណៈនោះទេ ពីព្រោះថាកម្រិតដែលស្តង់ដារកំណត់នោះមាន ៥០ម៉ៃក្រូក្រាមក្នុងមួយម៉ែត្រគូប ។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា៖ «បញ្ហាបរិមាណខ្យល់នៅកម្ពុជាកើនឡើងត្រឹមតែ៣៥ម៉ៃក្រូក្រាមកាលពីថ្ងៃម្សិលមិញ អីចឹងមិនទាន់ដល់ស្តង់ដារកំណត់នោះទេ។ នៅថ្ងៃទី២៣មករា នេះ រថយន្តចល័តតាមដានបរិមាណខ្យល់៣គ្រឿងរបស់ក្រសួងបានបញ្ចេញ ហើយសូមបញ្ជាក់ឧបករណ៍ និងស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់យើងដាក់នៅទូទាំងប្រទេស ចំនួន៦០កន្លែង។ ដោយ ឡែកនៅរាជធានីភ្នំពេញ១០កន្លែង ហើយដាក់រថយន្តចល័ត២គ្រឿងបន្ថែមទៀត»។
ឯកឧត្តមអ្នកនាំពាក្យបានឱ្យដឹងទៀតថា នៅក្នុងរយៈពេលជិត១ខែមករានេះគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជានៅភាពល្អ ទោះបីមានកំណើនកំហាប់លើសពីធម្មតាដែលមានពី១០ ទៅ២០ ម៉ៃក្រូក្រាម ហើយបានឡើងជាង៣០ម៉ៃក្រូក្រាមនេះ ដោយសារមានកត្តារួម ផ្សំជាច្រើន ដូចជា ការដុតសំរាម ស្ថានភាព នៅប្រទេសជុំវិញបានកំពុងតែជួបបញ្ហាខ្យល់ និងកត្តាផ្សេងៗទៀត ។
ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ឱ្យដឹងថា គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ មិនប៉ះពាល់ដល់សុខភាព របស់ពលរដ្ឋនោះទេ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ ចំពោះ ការចែកចាយនៅតាមបណ្ដាញសង្គមឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បានតាមដានជាប់ជាប្រចាំ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះនៅប្រទេសកម្ពុជា មិនមានផ្សែងពុលណាមួយ បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ ។ បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបំពាក់ ឧបករណ៍តាមដានគុណភាពខ្យល់នៅទូទាំង២៥ រាជធានី-ខេត្ត ព្រមទាំងមានរថយន្តសម្រាប់វាស់គុណភាពខ្យល់ ចល័ត ប្រសិនបើមានករណីសង្ស័យថាតំបន់ណាមួយ មានការសង្ស័យ។
ឯកឧត្តម ខ្វៃ អាទិត្យា បានគូសបញ្ជាក់បន្ថែមថា៖ «បន្ទាប់ពីក្រុមការងារបច្ចេកទេស បានប្រើរថយន្ត ក៏ដូចជា ឧបករណ៍សម្រាប់តាមដានកម្រិតគុណភាពខ្យល់ ដែលត្រូវបានដំឡើងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជារថយន្តចល័ត ចេញធ្វើការវិភាគទៅលើគុណភាពខ្យល់ បានបង្ហាញថាគុណភាពខ្យល់ នៅក្នុងរាជធានីភ្នំពេញ មិនមានផលអាក្រក់ដល់សុខភាពនោះទេគឺនៅក្នុងកម្រិតល្អជាប្រក្រតី»។ ឯកឧត្តមអ្នកនាំពាក្យរូបនេះក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភឱ្យសោះ ក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន តាមដានជាប់ជាប្រចាំ។ ទន្ទឹមនេះ ប្រជាពលរដ្ឋ ដែលមានបំណងតាមដាន គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សូមតាមដានតាម App របស់ក្រសួងបរិស្ថាន ដែលមានភាពសុក្រឹត ច្បាស់លាស់ជាងការប្រើប្រាស់ App ដទៃ ដែលមិនមានវិសាលភាពនៃការគ្របដណ្តប់ទូលំទូលាយ និងច្បាស់លាស់ដូច App របស់ក្រសួងបរិស្ថាន។
សូមជម្រាបជូនថា កន្លងមក ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំង២៥ ណែនាំប្រជាពលរដ្ឋកុំឱ្យ ដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើងការបំពុលបរិយាកាស។ ក្រសួងបរិស្ថាន បាននែនាំឱ្យពង្រឹងការទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ ជញ្ជ្រាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក និងការឆេះទី លានចាក់សំរាម និងត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់៕