ភ្នំពេញ៖ ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផែន ការដែលមានចក្ខុវិស័យលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្លើយតបបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបញ្ហា និងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះនានាប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ ផែនការយុទ្ធសាស្ត្រនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការដោយប្រកាសអន្តរក្រសួងចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្រ្តី ចំនួន៣ក្រសួង រួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា ផែនការយុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីនៅកន្លែងបំពេញការងារ ព្រមទាំងអនុវត្តតួនាទី ភារកិច្ច និងសក្តានុពលរបស់ខ្លួន ដើម្បីឈានទៅពង្រឹងការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម។
ដើម្បីសម្រេចគោលដៅបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ផែនការនេះមានយុទ្ធសាស្ត្រចំនួន៤ចំណុចធំៗ រួមមាន ទី១) ការពិនិត្យ ការរៀបចំ និងការកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ និងលើកទឹកចិត្តក្នុងការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទី២) ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទី៣) ការបង្កើនបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីនៅកន្លែងបំពេញការងារ និងការអនុវត្តតួនាទី ភារកិច្ចរបស់ស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងយុទ្ធសាស្ត្រ និងទី៤) ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាផែនការថ្មីបន្ទាប់ពីផែនការចាស់បានអនុវត្តក្នុងឆ្នាំ២០១៧-២០១៩ និងបន្តមកដល់ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលមួយចំនួន រួមមាន ស្ត្រីត្រូវបានតែងតាំងនៅក្នុងរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងជួរគណៈអភិបាលយ៉ាងតិច១រូប បានតែងតាំងស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី-ខេត្ត មានអភិបាល អភិបាលរង នាយករដ្ឋបាល នាយករងរដ្ឋបាល និងនាយកទីចាត់ការកើនឡើង២៨រូប ដោយក្នុងឆ្នាំ២០១៦ មាន៤៨រូប ឆ្នាំ២០២២ មានចំនួន៧៦រូប បានតែងតាំងស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានអភិបាល អភិបាលរង នាយករដ្ឋបាល នាយករងរដ្ឋបាល និងប្រធានការិយាល័យ ដោយកើនឡើងពី ៣៩០រូប ពោលគឺក្នុងឆ្នាំ២០១៦ មាន៣៧៦រូប ឆ្នាំ២០២២ មានការកើនឡើងដល់៧៦៦រូប៕