ភ្នំពេញ៖ ការប្រមូលផលស្រូវប្រាំងនាឆ្នាំនេះមានកំណើនមួយខ្ពស់ ហើយស្រូវរបស់កសិករដាំដុះប្រភេទOMនោះកំពុងទទួលរងការចុះថ្លៃមួយទាបដែលធ្វើឱ្យកសិករបង្ហាញការមិនពេញចិត្ត តែរដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថានឹងជួយដោះស្រាយជូនពលរដ្ឋ ហើយក្រសួងនឹងស្វាគមន៍បើកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបដែលអាចជួយពួកគាត់បានច្រើន ក្នុងនេះទាំងកម្ចីប្រាក់ ក៏ដូចជាការជួយក្នុងការរកទីផ្សារជាដើម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការប្រមូលផលស្រូវវស្សានាពេលនេះ បានចប់សព្វគ្រប់អស់ហើយ។ សម្រាប់ស្រូវប្រាំងវិញនឹងបន្តប្រមូលផលរហូតដល់ចុងខែ៣។សម្រាប់ស្ថានភាពផលិតស្រូវប្រាំងរបស់កម្ពុជានាឆ្នាំនេះបានច្រើនមែនទែន។ តាមធម្មតាស្រូវប្រាំងដែលមានចំនួន៥០ម៉ឺនហិកតាទេ តែឆ្នាំនេះប្រជាពលរដ្ឋបានដាំដុះកើនឡើងរហូតដល់៧០ម៉ឺនហិកតាឯណោះ។សម្រាប់ទិន្នផលស្រូវប្រាំងនាឆ្នាំនេះមានរហូតដល់ប្រមាណ៤លានតោន។
ទាក់ទិនទៅនឹងតម្លៃស្រូវត្រូវបានឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា តម្លៃស្រូវមានការធ្លាក់ចុះ ប៉ុន្តែមិនមែនធ្លាក់ថ្លៃទាំងអស់ទេ ពោលគឺទៅតាមប្រភេទក្នុងនេះដូចជាសែនក្រអូបដែលប្រជាកសិករដាក់លក់ក្នុងមួយគីឡូក្រាម១៣៥០រៀល គឺជាតម្លៃមួយនៅខ្ពស់ដដែល ដោយឡែកសម្រាប់ស្រូវមិនក្រអូបក្នុងនេះដូចជាស្រូវ OM មានការធ្លាក់ចុះថ្លៃលឿនមែនទែន ដោយមុនដំណាច់ឆ្នាំ២០២៤ តម្លៃស្រូវ OM ជាមធ្យម១២០០រៀលជាង និងរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ហើយតម្លៃស្រូវប្រភេទនេះនៅរក្សា១១៥០រៀលក្នុងមួយគីឡូក្រាម ជាតម្លៃល្អមិនធ្លាប់មានទៀតផងសម្រាប់ស្រូវប្រភេទនេះ។ ឈានមកដល់ខែមករាស្រូវ OM ធ្លាក់ថ្លៃដល់១០០០រៀល ហើយកន្លែងខ្លះធ្លាក់ដល់៩០០រៀល និងកន្លែងខ្លះទៀតធ្លាក់រហូតដល់៨០០រៀលដែលជាស្រូវសើមទិញនៅវាលស្រែ។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា សម្រាប់ស្ថានភាពរបស់ប្រភេទស្រូវខុសគ្នាគឺទៅតាមស្ថានភាពទីផ្សារពិភពលោក។ ស្រូវប្រភេទOMនេះបានធ្លាក់ថ្លៃ ហើយសូម្បីតែវៀតណាមក៏ទទួលរងប៉ះពាល់ដូចគ្នាដោយក្នុងនេះពេលទទួលរងអាកាសធាតុក្តៅដែលជាឥទ្ធិពលនៃអេល នីណូ (El Nino) អង្ករវៀតណាមលក់ក្នុងតម្លៃ៦៦០ដុល្លារក្នុងមួយតោន។ ប៉ុន្តែមកដល់ដើម ខែមករា ឆ្នាំ ២០២៥នេះតម្លៃអង្ករវៀតណាមួយនេះលក់ក្នុងតម្លៃត្រឹម៤៣០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ដោយចុះតម្លៃប្រមាណ៣០ភាគរយ។នេះបង្ហាញដែរថាបើអង្ករវៀតណាមចុះថ្លៃដែរ ម្ល៉ោះហើយវាក៏ពុំមានអ្វីប្លែកដែរ ដែលស្រូវនៅកម្ពុជាយើងនៅតាមទីវាលលក់ក្នុងតម្លៃមួយគីឡូក្រាមជាង ៨០០រៀល។ តម្លៃវាចុះតាមគ្នាអញ្ចឹងហើយ។ដោយឡែកចំណែកអង្ករខ្មែរយើងដែលស្រូវសែនក្រអូប នៅតែរក្សាទីផ្សារល្អ។ ទាក់ទិនទៅនឹងស្រូវ OMនេះដែរត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងថាគឺកសិករដាំដុះដើម្បីលក់លើទីផ្សារ ហើយស្រូវប្រាំងមួយភាគធំកសិករផលិតស្រូវមួយបែបនេះ។
ឯកឧត្តម ឌិត ទីណា បានថ្លែងដែរថានៅពេលដែលឆ្នាំណាផលិតបានលើសផែនការនោះទីផ្សារក្នុងស្រុកតែងស្រូបមិនបានអស់ និងទាន់ពេលវេលាទេ ម្ល៉ោះហើយមួយផ្នែកយើងត្រូវនាំចេញក្រៅប្រទេស។ ចំពោះការចុះតម្លៃអង្ករនេះគឺតាមប្រភេទដោយក្នុងនេះអង្ករ OMចុះតម្លៃ តែអង្ករសែនក្រអូបវិញ អត់ចុះទេ ហេតុនេះយើងក៏ត្រូវបែងចែកឱ្យបានត្រឹមត្រូវដែរពោលគឺវាតាមតម្រូវការទីផ្សារតែប៉ុណ្ណោះ។ សម្រាប់ថ្លៃដើមផលិតក៏ក្រសួងបានគិតគូពីការនាំចូលជី និងថ្នាំសម្លាប់សត្វនាកន្លងមកដោយតម្លៃចុះទាបយ៉ាងច្រើន បើប្រៀបធៀបឆ្នាំ២០២២កន្លងមក។
ទន្ទឹមនឹងការព្រួយបារម្ភពីការធ្លាក់ថ្លៃស្រូវនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានអំពាវនាវឱ្យកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបដែលអាចជួយឱ្យកសិករចៀសផុតពីការប្រឈមនឹងបញ្ហានានាកើតឡើងក្នុងនេះដូចជាប្រាក់កម្ចី ការលក់ស្រូវ និងបញ្ហាប្រឈមមួយចំនួនទៀតដែលក្រសួងពាក់ព័ន្ធនឹងចូលរួមដោះស្រាយជូនកសិករ។
ដោយឡែកឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងឱ្យដឹងដែរថា រាជរដ្ឋាភិបាលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានទម្លាក់ថវិកាចំនួន៣០ លានដុល្លារបន្ថែមដើម្បីទិញស្រូវអង្ករ។
ឯកឧត្តមបានបន្តឱ្យដឹងថា ការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងចំនួន៥លើកកន្លងមកនេះ ដើម្បីទ្រទ្រង់ទៅលើការអភិវឌ្ឍន៍ស្រូវផង និងរក្សាស្ថិរភាពថ្លៃស្រូវផង ដោយសរុបប្រមាណជាង២០៨លានដុល្លារអាមេរិក។ ក្នុងនេះ លើកទី១ធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ហើយលើកទី៥ធ្វើឡើងនៅខែមីនា ឆ្នាំ២០២៤ ប្រមាណ៤០លានដុល្លារអាមេរិកគឺថវិការទាំងអស់នេះដើម្បីសម្រាប់ទិញស្រូវពីបងប្អូនប្រជាកសិករ៕