ភ្នំពេញ៖ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាង យ៉ាងច្បាស់ៗថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់ គឺមិនអាចរួចខ្លួនដោយការ បង់លុយនោះទេ គឺត្រូវតែទទួលទោសខាងព្រហ្មទណ្ឌយ៉ាងតឹងរឹងបំផុត។
ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ ក្នុង សន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការ ដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាម តុលាការ» កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ថា នៅក្នុងសំណុំរឿងចរាចរណ៍ គណៈកម្មាធិការ ដឹកនាំយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានពិនិត្យឃើញផងដែរ នូវការអនុវត្តអស់រយៈពេលមួយឆ្នាំមកនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារ គ្រោះ ថ្នាក់ចរាចរណ៍ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ យ៉ាងឆាប់រហ័ស ។
ឯកឧត្តមសង្កេតឃើញថា អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកបាត់បង់ជីវិត គឺមាន សុឆន្ទៈទំនួលខុសត្រូវរបស់ពួកគេយ៉ាងឆាប់រហ័ស ក្នុងការសងសំណងទៅជនរងគ្រោះ នោះគឺនៅតែ មានចំនួនច្រើន ទោះបីជាដឹងថា មិនអាចរួចខ្លួនពីសំណាញ់ច្បាប់ក៏ដោយ៕