ភ្នំពេញ៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០ នាទី មានករណីក្រុមក្មេងទំនើងកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម បណ្តាលឱ្យខូចខាតក្បាំងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឱ្យជនរងគ្រោះ ជាអ្នកបើកបរម៉ូតូរងរបួសទេ។ ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ តាមបណ្តោយផ្លូវលេខ ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
ក្រោយកើតហេតុការណ៍ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ក្នុងការកាប់ម៉ូតូចំនួន ១ នាក់ និងបក្ខពួកចំនួន១នាក់ នៅវេលាម៉ោង៨:៥០ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត៕