ឧត្តមសេនីយ៍ត្រី អេង ហ៊ី៖ ម្ចាស់រថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ត្រូវប្រគល់ជូន អង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅ លើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871។

តាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទប្រទេស នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសខាងលើ បានបញ្ជាក់ថា តាមសេចក្តីរាយការណ៍របស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ញាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ អនុវត្តតាម បទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្ដស៊ីរើនអូសក្បួននោះ ហើយ បានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។

អ្នកនាំពាក្យខាងលើ បានបន្ថែមថា ក្រោយពីបានស្តាប់ដំណើររឿង និងអង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹង អំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើ បែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។

ដោយឡែកចំពោះម្ចាស់រថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូន អង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព៕