ដំណឹងល្អសម្រាប់និស្សិតខ្មែរ៖ ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យ​សុំអាហារូបករណ៍សម្រាប់ឆ្នាំ២០២៥-២០២៦

0

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។ អាហារូប​ករណ៍នេះពីមុន មានឈ្មោះថាអាហារូបករណ៍រដ្ឋាភិបាលបារាំង(BGF)។ កម្មវិធីអាហា​រូបករណ៍​នេះបើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យ​ក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការ​សិក្សានៅ​ប្រទេសបារំាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសាបារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។ការទទួលពាក្យនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាក្នុងសប្ដាហ៍នេះបានឱ្យថាអាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌនៃអាហារូបករណ៍ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហា​រូប​ករណ៍​ដល់​អ្នក​ដែលធ្លាប់បានទទួលកន្លងមក)។កាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួល​អាហារូប​ករណ៍​ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយក​ចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។ ក្រៅពីនេះស្ថានទូតបារំាងក៏បានបង្កើត​សហហិរញ្ញ​ប្បទានអាហារូបករណ៍​ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះមាន​ការផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដើម្បីបណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគម​នាគមន៍។

និសិ្សតកម្ពុជាជាង១៧០នាក់កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការផ្តល់​អាហារូបករណ៍ និងហិរញ្ញប្បទានពីប្រភពនានា រួមមានអាហារូបករណ៍ France Excellence, អាហារូបករណ៍ France Excellence Eiffel, កម្មវិធី Erasmus+ និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាល​វេជ្ជសាស្រ្តជំនាញជំនាញជាន់​ខ្ពស់​​(DFMS/DFMSA)។ តាំងពីឆ្នាំ២០១៤មក និស្សិតកម្ពុជាជាង១២០០នាក់បានទទួលអាហារូបករណ៍ដើម្បី​បន្តការ​សិក្សានៅប្រទេសបារាំង។ នេះបើតាមស្ថានទូតបារាំងបញ្ជាក់។

ទន្ទឹមគ្នានេះស្ថានទូតបារាំងសូមលើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកឱកាសនេះដើម្បីទៅសិក្សានៅប្រទេសបារាំង ដើម្បី​ពង្រឹងចំណេះដឹង និងមានឱកាស​ការងារច្រើន។ ការសិក្សានៅប្រទេសបារំាងនៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលា​ល្បីៗនឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធ​ឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយ​នៅលើពិភព​លោក។ កាលពីឆ្នាំ២០២៣-២០២៤ និស្សិតបរទេសជាង ៤៣០ ០០០ នាក់ ក្នុងនោះនិស្សិតកម្ពុជាជាង៨០០នាក់ បាន​ចុះឈ្មោះសិក្សានៅក្នុងប្រព័ន្ធ​ឧត្តមសិក្សាបារាំង ដែលធ្វើឱ្យបារាំងស្ថិតក្នុងចំណោមបណ្តា​ប្រទេស​ដែលទទួលនិស្សិត​បរទេសឱ្យទៅសិក្សាច្រើនជាងគេលើលោក។

ស្ថានទូតបារាំងបញ្ជាក់ថា កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ គឺថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។ បេក្ខជនទាំងអស់​ត្រូវទាញយកពាក្យសុំអាហារូបករណ៍ និងអានឯកសារពន្យល់ដោយយកចិត្តទុកដាក់ ដែលមាននៅលើគេហទំព័រ​ស្ថានទូត​បារាំងប្រចាំកម្ពុជា និងនៅលើគេហទំព័រ Campus France Cambodge ។ ចំពោះរាល់ចម្ងល់ទាំងអស់​ទាក់ទង​នឹងការ​សិក្សានៅ​ប្រទេសបារាំង និស្សិតអាចទាក់ទងការិយាល័យ Campus France Cambodge ដែលជាទីភ្នាក់ងារ​បារាំង​សម្រាប់លើកកម្ពស់ឧត្តមសិក្សា និងជួយជ្រោមជ្រែងការបំពេញបែបបទទៅសិក្សានៅប្រទេសបារំាង។

សម្រាប់ការទំនាក់ទំនង៖ Campus France Cambodge ដែលស្ថិត​នៅក្នុងមជ្ឈមណ្ឌលភាសានៃ​វិទ្យាស្ថានបារាំង​នៅកម្ពុជា ផ្ទះលេខ១៨ ផ្លូវ១៨៤ ភ្នំពេញ ,ទូរស័ព្ទ : 076 268 8782 – អ៊ីមែល :[email protected] , www.cambodge.campusfrance.org និង www.facebook.com/campusfrancecambodge៕