សមត្ថកិច្ចចេញសេចក្តីបំភ្លឺព័ត៌មាន ករណីត្រួតពិនិត្យជាតិស្រវឹង ខាងមុខធនាគារABA មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ទៅលើយអ្នកបើកបរម៉ូតូ០១គ្រឿង ម៉ាកហុងដា PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IL-6081

0

ភ្នំពេញ៖ នៅ​យប់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​២៣:០០​នាទី នៅ​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ខាង​មុខ​ធនាគារ​ABA មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន បាន​ធ្វើការ​ត្រួតពិនិត្យ​អ្នកបើកបរ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា PCX ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1IL-6081 ដែល​មាន​កម្រិត​ជាតិ​អាកុល​0,29 mg/L​។

បច្ចុប្បន្ន​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ផាកពិន័យ ក្រោយមក ស្រាប់តែ​មាន​គណនី​ឈ្មោះ Srey Roth ដែល​ត្រូវជា​ម្តាយ​ម្ចាស់​ម៉ូតូ​PCX បាន​បង្ហោះ​លើ​បណ្តាញ​សង្គម តិក តុ​ក​(TikTok )​បាន​ចេញ​វី​ដេ​អូ​និយាយ​ទំលាក់​កំហុស​មក​លើ​សមត្ថកិច្ច​យើង​ថា​អនុវត្តន៍​ខុសច្បាប់ ដោយ​បាន​ពិន័យ ២៥០,០០០​រៀល ឱ្យ​២០០,០០០​រៀល មិន​ព្រមយក ហើយ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​។

ការ​ផាកពិន័យ​យោង​ទៅ​តាម មាត្រា ៦(​ថ្មី​) មាត្រា ៧(​ថ្មី​) មាត្រា ១០ (​ថ្មី​) នៃ​អនុក្រឹត្យ​លេខ ៣៩ អន​ក្រ​បក និង​មាត្រា ៧៧ (​ថ្មី​) នៃ​ច្បាប់​ស្តី​ពី ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា អ្នកបើកបរ​រថយន្ត ម៉ូតូ ម៉ូតូ​កង​បី និង​រ៉ឺ​ម៉ក ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង នឹង​ត្រូវ​ទទួលទោស​តាម​ច្បាប់​ស្តី​ពី ចរាចរណ៍​ផ្លូវគោក ដូច​ខាងក្រោម​៖

ចំពោះ​អ្នកមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន កម្រិត​ជាតិ​អាល់កុល​ចាប់ពី ០,២៥-០,៣៩
–​សម្រាប់​អ្នក​ម៉ូតូ ត្រូវ​ផាកពិន័យ​ចំនួន ២៥​ម៉ឺន​រៀល​។
–​សម្រាប់​អ្នក រថយន្ត​ធុន​ស្រាល ត្រូវ​ផាកពិន័យ​ចំនួន ៤០​ម៉ឺន​រៀល​។
–​សម្រាប់​អ្នក​រថយន្ត​ធុន​ធ្ងន់ ត្រូវ​ផាកពិន័យ​ចំនួន ៨០​ម៉ឺន​រៀល​។
ដោយឡែក​ចំពោះ​អ្នកមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន កម្រិត​ជាតិ​អាលកុល​ចាប់ពី ០,៤០​ឡើង​ទៅ
–​សម្រាប់​អ្នក​ម៉ូតូ ត្រូវ​ផាកពិន័យ​ចំនួន ១​លាន​រៀល​។
–​សម្រាប់​អ្នក​រថយន្ត​ធុន​ស្រាល ត្រូវ​ផាកពិន័យ​ចំនួន ២​លាន​រៀល​។
-​សម្រាប់​អ្នក​រថយន្ត​ធុន​ធ្ងន់ ត្រូវ​ផាកពិន័យ​ចំនួន ៤​លាន​រៀល​៕