Home សង្គម កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកំសាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំ២០២៤ចូល២០២៥ នៅខេត្តបាត់ដំបង

កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកំសាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំ២០២៤ចូល២០២៥ នៅខេត្តបាត់ដំបង

0

បាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថាភ្ញៀវជាតិមកលេងកំសាន្តនៅខេត្តបាត់ដំបងក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ២០២៤ចូល២០២៥នេះ មានជាង៣៦ម៉ឺននាក់ កើនឡើងជិត៣ភាគរយ ខណៈភ្ញៀវអន្តរជាតិមានជាង១ពាន់ម្ភៃនាក់កើនឡើងជិត១២ភាគរយ បើធៀបឆ្នាំមុន។

លោក ហម អារុណអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញរបាយការណ៍នា ម៉ោង៥ ទៀបភ្លឺថ្ងៃទី០១មករា២០២៥នេះឱ្យដឹងថាស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុង ពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤-២០២៥ នាថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវជាតិចំនួន ៣៦៣,០២៨ នាក់ មានការកើនឡើង ២.៩០% បើធៀបឆ្នាំ២០២៣ មានចំនួន ៣៥២,៧៩០ នាក់ ។

របាយការណ៍បញ្ជាក់បន្ថែមថា ភ្ញៀវអន្តរជាតិ មានចំនួន ១,០២៧ នាក់ មានការកើនឡើង ១១.៨៧% បើធៀបឆ្នាំ២០២៣ មានចំនួន ៩១៨ នាក់ ។

របាយការណ៍មន្ទីរទេសចរណ៍បន្ថែមថាភ្ញៀវទេសចរមកលេងកំសាន្តនៅខេត្តបាត់ដំបង សរុប មានចំនួន ៣៦៤,០៥៥ នាក់មានការកើនឡើង ២,៩៣ % បើធៀបឆ្នាំ២០២៣ មានចំនួន ៣៥៣,៧០៨ នាក់ ។

ឆ្នាំនេះរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីតាំងពិពណ៌ម្ហូបអាហារ និងបង្អែមខ្មែររយៈពេលបីថ្ងៃចាប់ពី ថ្ងៃទី២៩ដល់៣១ធ្នូ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤ចូល២០២៥ នៅកណ្តាល ក្រុងបាត់ដំបង ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត។

ក្រៅពីមកលេងកំសាន្តនៅពិធីតាំងពិពណ៌ម្ហូបអាហារ ភ្ញៀវជាតិ អន្តរជាតិបានដើរលេងកំសាន្ត តាមរម នីយដ្ឋាននានានៅខេត្តបាត់ដំបងដែលមានជាច្រើនកន្លែង នៅតាមបណ្តាស្រុកក្រុង មួយចំនួន ដូចជា ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកសំឡូតជាដើម៕

Previous articleព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ
Next articleឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ