ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង២០០០នាក់ ចូលមកធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

0

ព្រះសីហនុ៖ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួនជាង២០០០នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ NOORDAM ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ នាវាទេសចរណ៍បរទេស០១គ្រឿង ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND មានបណ្តោយ ២៨៥,៤៣ម៉ែត្រ ទទឹង៣២,២៥ម៉ែត្រ ជម្រៅទឹក៨ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន២០០៩នាក់ ស្រី១០៧២នាក់ ស្មើនឹង៥០សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៦៩នាក់ ស្រី១៤១នាក់ ស្មើនឹង៣៧សញ្ជាតិ។

នាវាទេសចរណ៍ NOORDAM បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ និង មានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស NOORDAM ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៦១៤នាក់ Australia ៤២៩នាក់ Canada ១៧៩នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរបរទេសចុះពីនាវាចូលក្នុងប្រទេសកម្ពុជាចេញទៅកម្សាន្តនៅអង្គរ ខេត្តសៀមរាបមានចំនួន១៦នាក់ ស្រី៨នាក់ ស្មើនឹង៤សញ្ជាតិ និងភ្ញៀវទេសចរមកពីខេត្តសៀមរាប ចេញតាមនាវាមានចំនួន១៥នាក់ ស្រី៩នាក់ ស្មើនឹង១សញ្ជាតិ។

ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុ នៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់រមណីយដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់។ ទន្ទឹមនឹងនេះ ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅខេត្តព្រះសីហនុទទួលបានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕