Home សង្គម អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាននូវករណីក្មេងទំនើង

អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាននូវករណីក្មេងទំនើង

0

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុកទាំង៩ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពួតដៃគ្នាបង្ក្រាបនូវករណីក្មេងទំនើង ដែលកំពុងតែងើបឡើងវិញ បង្កនូវភាពភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្ដម អភិបាលខេត្ត បានដាក់ចេញបទបញ្ជារបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ នៃសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងនោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពុះពារ រែកពុនការងារនានាជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ទាំងសន្តិសុខតាមបណ្តោយព្រំដែនមានក្ខណៈល្អប្រសើរ រក្សាបាននូវបូរណភាពទឹកដី ជាតំបន់មិត្តភាព និងអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។

ឯកឧត្ដម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តជាប្រចាំនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តើមចេញពីការបម្រើសេវារដ្ឋបាល និងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន គឺត្រូវបានពង្រឹង និងពង្រីកទាំងគុណភាពបរិមាណ និងសមត្ថភាព តាមរយៈការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយបង្ហាញ «ស្នាមញញឹមខេត្តបន្ទាយមានជ័យ» រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសការបង្ក្រាបក្មេងទំនើង ដែលកំពុងតែមានសកម្មភាពងើបឡើងវិញ ក៏ដូចជាអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តរឹតបន្តឹងការបង្ក្រាបករណី ផ្សេងៗ ដូចជាករណីក្មេងទំនើង អនុវត្តទៅតាមនីតិវិធី និងបន្តស្រាវជ្រាវនៅមុខសញ្ញា ដែលតែងតែបង្កនូវអសន្តិសុខនៅក្នុងមូលដ្ឋាន ដើម្បីធ្វើការបង្ក្រាបឱ្យបានអស់ បំពេញនូវសេចក្ដីត្រូវការ និងបំពេញក្តីសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ៕

Previous articleរាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី
Next articleសេចក្តីបំភ្លឺព័ត៌មានរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ ឆ្លើយតបនឹងការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះអង្រុត, អវតារ ស.