ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦

0

ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជា (CS) ចំនួន ៣៦ ក្នុងកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។

ក្រុមប្រឹក្សាបានពិនិត្យស្តង់ដារចំនួន ៤១ និងអនុម័តស្តង់ដារជាតិចំនួន ៣៦។ សំណើអនុម័តស្តង់ដារចំនួន ៣ ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងសំណើកែសម្រួលស្តង់ដារចំនួន ២ អំពីទឹកត្រី និងទឹកស៊ីអ៊ីវ ត្រូវបានលើកទៅពិភ្សាសម្រាប់ការអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សា។

ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ និងសម្ភារៈសំណង់, សារធាតុគីមី, ធញ្ញជាតិ បន្លែ និងផ្លែឈើ, ប្រព័ន្ធគ្រប់គ្រង, ផលិតផលអគ្គិសនី និងអេឡិចត្រូនិច, ផលិតផលកៅស៊ូ, យានយន្ត, គ្រឿងសំអាង, ផលិតផលឈើ, និងវាយនភណ្ឌ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍស្តង់ដារ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ការទទួលយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិ ជួយយើងក្នុងការទាក់ទាញការ

វិនិយោគ លើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងជួយធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។”

កិច្ចប្រជុំបានស្នើឱ្យគណៈកម្មាធិការបច្ចេកទេសទាំង១២ កំណត់រកស្តង់ដារបន្ថែមទៀត ដែលជាអាទិភាពសម្រាប់ការអភិវឌ្ឍ ដោយផ្តោតលើស្តង់ដារដែលជំរុញការនាំចេញ និង/ឬស្តង់ដារដែលលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុកសំខាន់ៗ។

ឯកឧត្តម ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC, ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។

ការអនុម័តស្ដង់ដារជាតិទាំងនេះជាវឌ្ឍនភាពថ្មីមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌបទប្បញ្ញត្តិស្របតាមនិយាមអន្តរជាតិ លើកកម្ពស់គុណភាព និងសុវត្ថិភាពក្នុងវិស័យនានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ៕