ឯកឧត្តមជិន ម៉ាលីន ៖ ការបង្ក្រាបក្មេងទំនើង នៅតែប្រើវិធានការក្តៅ ដោយគ្មានការលើកលែង

0

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌បានអះអាងយ៉ាងច្បាស់ៗថា ក្រសួងយុត្តិធម៌ នៅតែចាត់វិធានការក្តៅដ៏ម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ។

ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅទីស្តីការក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោយមានហេតុការណ៍ក្មេងៗនៅខេត្តតាកែវកាប់សម្លាប់ចិញ្រ្ចាំក្មេងម្នាក់យ៉ាងសាហាវព្រៃផ្សៃ ឯកឧត្តមជិន ម៉ាលីន បានថ្លែងថា ការងារក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅប្រទេសកម្ពុជា គឺជាការងារ មួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញ នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃទី២៣ ខែឧសភា ដោយបានណែនាំដល់ស្ថាប័នមានសមត្ថកិច្ច តុលា និងអយ្យការ ត្រូវអនុវត្តវិធានការច្បាប់ ក្នុងនោះទាំងវិធានការរដ្ឋបាល ឱ្យបានម៉ឹងម៉ាត់ និងគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្ដថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។ “បង្ហាញជូនសាធារណជនថា វិធានការទប់ស្កាត់ក្មេងទំនើងនេះ គឺជាវិធានការក្តៅ ជាវិធានការម៉ឺងម៉ាត់ ហើយគ្មានការលើកលែងនោះទេ ។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងស្ថាប័នអយ្យការ ស្ថាប័នតុលាការ ដុតដៃដុតជើង ក្នុងការបង្រ្កាបទប់ស្កាត់ករណីក្មេងទំនើងនេះ ដោយគ្មានការលើកលែង”។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមជិន ម៉ាលីន ក៏បានអំពាវនាវទៅដល់សាធារណជនបើទទួលបានព័ត៌មានពាក់ព័ន្ធ និងឃើញបាតុភាពក្មេងទំនើងនៅកន្លែងសូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចទាន់ពេលវេលា ដើម្បីមានវិធានការទប់ស្កាត់ភ្លាមៗ។ ក្នុងនោះឪពុកម្តាយ ឬអាណាព្យាបាលក៏ត្រូវខិតខំចូលរួមត្រួតពិនិត្យសកម្មភាពកូនៗផងដែរ។ ឯកឧត្តមក៏ដាស់តឿនដល់ក្រុមយុវជននានាកុំយកគំរូតាម និងកុំពាក់ព័ន្ធក្មេងទំនើង ព្រោះ ការជាប់ពាក់ព័ន្ធជាមួយក្មេងទំនើង អាចប្រឈមនឹងទោសជាប់ពន្ធនាគារ។

សូមរំលឹកថា រយៈពេលជាង ៧ខែ ក្រោយដាក់ចេញ យុទ្ធនាការបង្ក្រាបក្មេងទំនើងតាំងពីខែឧសភា ឆ្នាំ២០២៤មក នៅកម្ពុជា មានសំណុំរឿងក្មេងទំនើងសរុប ៧២០សំណុំរឿង ដោយបានឃាត់ខ្លួនជនសង្ស័យ៣,៣០០នាក់៕