រដ្ឋមន្រ្តីក្រសួងដែនដី៖ ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌

0

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី នគរូបនីកម្ម និងសំណង់បានលើកឡើងថា ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម។ ដោយឡែកយោងតាមរបាយការណ៍​របស់រដ្ឋបាល​រាជធានី​ភ្នំពេញ មានសំណង់អគារចាស់ទ្រុឌទ្រោម មិន​ក្រោមជាង២០០អគារទេ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំករណីលទ្ធផលនៃការចុះពិនិត្យសិក្សា និង​វាយតម្លៃសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ នៅដើម​​សប្ដាហ៍​នេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ទៅកាន់​អ្នកចូលរួមថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមាន​យន្តការក្នុង​ការដោះស្រាយ គឺផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់​តាមរយៈការពន្យល់ជាបច្ចេកទេស ព្រមជាមួយ​ការគិតគូរឱ្យមាន​ការរៀបចំលំនៅឋានសមរម្យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំធ្វើជា​ជំហានៗ ដើម្បីបញ្ជៀសសង្គមកម្ពុជា​ឱ្យចាកចេញផុតពីប្រភពនៃការកកើតភាពជ្រុលនិយម រើសអើងក្នុង​សង្គមជាតិ ដើម្បី​ជំរុញឱ្យប្រទេសជាតិ អាចឈានឆ្ពោះទៅមុខបាន​ដោយភាពរីកចម្រើនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធយក​ករណី​អគារអតីតសណ្ឋាគារអង្គរមានជ័យ គឺជាការដកបទ​ពិសោធន៍ សម្រាប់​ដោះស្រាយករណីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាម​បណ្តាក្រុង ខេត្តនានា ដូចជា ក្រុងបាត់ដំបង ខេត្តព្រះសីហនុ ជាអាទិ៍។

សូមជម្រាបថា អគារ​អង្គរជ័យ​មាន​កម្ពស់​៦​ជាន់ ​ស្ថិត​នៅ​កាច់​ជ្រុង​មហាវិថី​កម្ពុជា​ក្រោម​ និង​មុនីវង្សរាជធានីភ្នំពេញ។អគារនេះ​មាន​អាយុ​កាល​ជាង​ ៧០ ​ឆ្នាំ ​និង​មាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន ​៦៦ ​គ្រួសារ។អគារនេះមានសភាពទ្រុឌទ្រោមខ្លាំង ។ក្រុម​ការងារ​ក្រសួង​​រៀប​ចំ​ដែនដី ​នគរូបនីយ​កម្ម ​និង​សំណង់ ​បាន​ជួប​ពិភាក្សា​ជាមួយ​បងប្អូន​ប្រជាជន​ដែល​ស្នាក់​នៅ​អគារ​អង្គរ​មាន​ជ័យ។​ ពួកគេបាន​ឯកភាព ​ទទួល​យក​ដំណោះ​ស្រាយ​គោល​នយោបាយ​ ចាក​ចេញ​ពី​អគារ​អង្គរ​មាន​ជ័យ​ ​ដើម្បី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ។​

នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ៗ​ទ្រុឌទ្រោមមិនក្រោមចំនួនជាង២០០ទីតាំងទេ ដែល​បាននិង​កំពុង​បង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ៕