ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទាញអារម្មណ៍អ្នកជំនាញខាងសំណង់ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងវិស័យនេះ គប្បីគិតគូរកំណត់ប្រភេទគ្រឿងបង្គុំសំណង់ដែលគួរប្រើ និងមិនគួរប្រើដើម្បីអាចធានាបាននូវគុណភាពសំណង់ និងសុខភាពសាធារណៈ។
មានប្រសាស៍ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលនៃការចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យនៅដើម សប្ដាហ៍នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ដោយម៉ឹងម៉ាត់ថា ដល់ពេលវេលាហើយដែលត្រូវកំណត់ឱ្យបានច្បាស់លាស់នូវប្រភេទគ្រឿងបង្គុំសំណង់ណាខ្លះដែលត្រូវប្រើប្រាស់ និងមិនគួរប្រើប្រាស់? ក្នុងនោះអគ្គនាយកដ្ឋានសំណង់ ក្រុមប្រឹក្សាជាតិ និងមន្ទីរពិសោធន៍ ត្រូវសហការគ្នាដើម្បីគិតគូរពីបញ្ហានេះ ពីព្រោះមិនអាចអនុវត្តទៅតាមទម្លាប់ដែលមានពីមុនមកដែលដោះស្រាយត្រឹមតែបញ្ហាប្រឈមចំពោះមុខនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានទាញឧទាហរណ៍ថា ជាក់ស្ដែងចំពោះសារធាតុអាបេស្តុស ដែលមាននៅក្នុងគ្រឿងបង្គុំសំណង់មានតម្លៃថោក ងាយស្រួលក៏ពិតមែន ប៉ុន្តែវាមានផលប៉ះពាល់ត្រឡប់មកវិញពិតជាធ្ងន់ធ្ងរសម្រាប់សុខភាពសាធារណៈ ។ដូច្នេះត្រូវបញ្ឈប់ការប្រើប្រាស់សារធាតុអាបេស្តុសនេះ។
ឯកឧត្តម ក៏បានលើកឡើងដែរថា ក្នុងសង្គមជាតិ ប្រសិនបើអាចកាត់ផ្ដាច់បាននូវភាពជ្រុលនិយម នោះកម្ពុជានឹងទទួលបានសេចក្តីសុខជារៀងរហូត។ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាននោះគឺចង់ឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជាមានបាន និងមានរហូត។ ដូច្នេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចូលរួមដាក់ចេញនូវយុទ្ធសាស្ត្រជម្រះចោលនូវភាពសៅហ្មង ,ភាពចម្រូងចម្រាស់នានាទាក់ទិននឹងបញ្ហាដីធ្លី សំណង់មិនរៀបរយ និងវិវាទនានាក្នុងសង្គមជាតិ ដើម្បីជំរុញឱ្យប្រទេសជាតិអាចឈានឆ្ពោះទៅមុខបានប្រកបដោយភាពរីកចម្រើនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕