ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជននៅក្នុងខេត្ត បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអចលទ្រព្យ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ការគូសបញ្ជាក់របស់ ឯកឧត្តម អភិបាលខេត្ត បានធ្វើឡើងក្នុងពិធីបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនរបស់បុរី ម៉ារីណា ហ្គាដេន របស់ក្រុមហ៊ុន លីស៊ីនឆាយ (ខាមបូឌា) ប្រូភើធីឌីវេឡុបម៉ិន ឯ.ក ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាថ្ងៃទី២៤ ខែធ្នូម្សិលមិញនេះ។
ពីពិធីនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ក្នុងផែនការរៀបចំដែន ដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍ «ខេត្តព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើប បៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅលម្ហែកាយ និងការសំរាកកម្សាន្តរួមទាំងជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រងនិងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុងបរិក្ខារ និងផ្តល់ការងារសម្បូរបែប៕