ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ សម្រេចលទ្ធផលសាងសង់បាន ១០០%

0

កំពត​៖ នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ស៊ុ​យ សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជានា​យក​គម្រោង​ស្ដារ និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៤១ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​លទ្ធផល​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​៤១ ដើម្បី​ធ្វើការ​ប្រគល់​-​ទទួល​ជា​បណ្តោះអាសន្ន ដោយ​មានការ​ចូលរួម​អមដំណើរ​ដោយ ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្តម​ទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន​(CRBC) និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស WACC ផង​ដែរ​។

ការ​ចុះ​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​នៅ​ថ្ងៃនេះ ដើម្បី​ឈាន​ទៅ​ដំណាក់កាល នៃ​ការ​ប្រគល់​-​ទទួល​បណ្តោះអាសន្ន មាន​ន័យ​ថា​គម្រោង​នេះ​សម្រេច​លទ្ធផល​សាងសង់​បាន​រួចរាល់​ទាំងស្រុង​ហើយ ដោយ​មានការ​យកចិត្តទុកដាក់​ពី ឯកឧត្តម​រដ្ឋលេខាធិការ តែង​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ជា​ប្រចាំ តាមដាន​ការងារ​បច្ចេកទេស​សាងសង់​របស់​ក្រុមហ៊ុន ដើម្បី​ធានា​ការ​អនុវត្ត​ប្រព្រឹត្ត​ទៅ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​កិច្ចសន្យា​សាងសង់ សំដៅ​ពង្រឹងគុណភាព​រឹង​មាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

សូម​បញ្ជាក់​ថា គម្រោង​ស្ដារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤១ ប្រវែង​សរុប ៩៥,២៧ គីឡូម៉ែត្រ
(PK000+000 – PK095+270) ចាប់ផ្តើម​ពី​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល នៃ​ខេត្តកណ្ដាល (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៤) រហូត​ដល់​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ នៃ​ខេត្តកំពត (​ចំណុច​ផ្លូវជាតិ​លេខ ៣)​។
គិត​ត្រឹម​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២៤ ការ​អនុវត្ត​គម្រោង​សម្រេច​បាន​លទ្ធផល​បាន ១០០% ហើយ ដោយ​ក្នុង​នោះ ការងារ​អ៊ុត​កៅស៊ូ AC បាន​បញ្ចប់​១០០% ការងារ​បំពាក់​សម្ភារ​សុ​វត្តិភាព​ចរាចរណ៍​(​គំនូស​ចរាចរណ៍ ផ្លា​ក​សញ្ញា ផ្លា​ក​បង្ហាញ​ទិស​ផ្លូវ របារ​-Guardrail និង​ការងារ​ចាំបាច់​ផ្សេង​ៗ ក៏​បាន​បញ្ចប់​រួចរាល់​មុន​ធ្វើការ​ប្រគល់​-​ទទួល ជា​បណ្តោះអាសន្ន​ផង​ដែរ​៕