ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»

0

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ នារាត្រីថ្ងៃទី២៣ ខែធ្នូនេះ បានអញ្ជើញពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»។

សូមបញ្ជាក់ជូនថា យុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍សាទរកម្ពុជា កំពុងសមសម្តែងការបង្ហូតទង់ជាតិនៅមុខព្រះបរមរាជវាំង ដើម្បីឆ្ពោះទៅកាន់ការសម្តែងនៅក្នុងព្រឹត្តិការសាទរកម្ពុជាដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ លើសពីការមើលឃើញទង់ជាតិ លើសពីការស្តាប់លឺភ្លេងជាតិ និងលើសពីការក្រោកឈរគោរពទង់ជាតិ តែជាការផ្សារភ្ជាប់មនោសញ្ចេតនាទៅកាន់ទង់ជាតិកម្ពុជា ដោយការរួបរួមសាមគ្គី ឯកភាពទៅជាកម្លាំងជាតិតែមួយក្រោមទង់នៃប្រជាជាតិទង់នៃព្រះរាជាណាចក្រកម្ពុជា។

«សាទរកម្ពុជា» ជាព្រឹត្តិការណ៍អបអរសាទរសង្គម និងគុណតម្លៃរួមគ្នា ដែលសសយកធ្វើឡើងដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងផ្សាភ្ជាប់ប្រជាជនទៅសង្គមជាតិ តាមរយៈកម្មវិធីនានា។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ២៥រាជធានី ខេត្ត និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។

សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដើម្បីផ្តល់ឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរដើម្បីសាទរនូវ សមិទ្ធផលទាំងឡាយដែលប្រទេសជាតិយើងសម្រេចបានជាច្រើនក្នុងដំណាក់កាលចុងក្រោយនៃប្រវត្តិសាស្រ្ត។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយ ការជួបជុំគ្នាជាលក្ខណៈមហាគ្រួសារខ្មែរនៅក្រោមទង់ជាតិតែមួយ៕