ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការណែនាំ ទៅកាន់សិស្សានុសិស្សនិទ្ទេសA ក៏ដូចជាសិស្សានុសិស្សគ្រប់ៗនិទ្ទេសទាំងអស់ រាប់ទាំងអ្នកដែលមិនបានប្រឡងជាប់ថ្នាក់ទី១២ក្តី ត្រូវបន្តខិតខំប្រឹងប្រែង និងជឿជាក់លើខ្លួនឯងបន្តទៅទៀត ខណៈនិទ្ទេសនៃការបញ្ចប់ការសិក្សាថ្នាក់ទី១២ គ្រាន់តែជាការវាស់ស្ទង់នៃកម្រិតរបស់ខ្លួន សម្រាប់ការត្រៀមលក្ខណៈដើរទៅមុខបន្តទៀត ជាពិសេសជាការចាប់ផ្តើម សម្រាប់មនុស្សពេញវ័យ ដែលត្រូវកំណត់វាសនាខ្លួនឯង ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ មិនថានិទ្ទេសអ្វីនោះទេ គ្រាន់តែជាការវាស់ស្ទង់ នៃកម្រិតរបស់ខ្លួន និងជាការត្រៀមលក្ខណៈ ក្នុងនាមជាមនុស្សពេញវ័យមួយ នៅក្នុងសង្គម ដែលទាមទារឱ្យមានការទទួលខុសត្រូវដោយខ្លួនឯង ខណៈអាណាព្យាបាល ឪពុកម្តាយ មិនអាចគ្រប់គ្រង និងចាំជួយគ្រប់ពេលរហូតនោះទេ ។
សម្តេចធិបតី មានប្រសាសន៍ថា “ចប់ថ្នាក់១២ គឺយើងឈានដល់ផ្លូវបំបែកមួយ ដែលយើងចាប់ផ្តើមមនុស្សពេញវ័យមួយ ដែលត្រូវកំណត់វាសនាខ្លួនឯងហើយ មិនថាយើងទៅរៀនមហាវិទ្យាល័យ មិនថាយើងរៀនបន្តខាងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬចេញទៅធ្វើការងារ គឺជាការសម្រេចចិត្តរបស់ខ្លួន”។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ពិន្ទុប្រឡងនិទ្ទេសA ល្អណាស់ សម្រាប់ជាកិច្ចខិតខំប្រឹងប្រែង ប៉ុន្តែការត្រៀមលក្ខណៈសម្រាប់ជីវិតពិត និទ្ទេសAមួយ មិនទាន់គ្រប់គ្រាន់នោះទេ ហើយសម្រាប់និទ្ទេសE ក៏មិនប្រាកដថា ការត្រៀមលក្ខណៈរបស់ខ្លួន រយៈពេល១២ឆ្នាំនេះ មិនជោគជ័យនោះដែរ ។
សូមបញ្ជាក់ថា សិស្សទទួលបាននិទ្ទេស A សរុប ២.២២៥នាក់ (គិតទាំងបេក្ខជនអប់រំ បច្ចេកទេស ៩នាក់ផងដែរ) បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ចូលរួមសម្តែងការគួរសម ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សាលារៀនចំនួន ៤៩៤ មានសិស្សទទួលបាននិទ្ទេសA ក្នុងនោះសាលារដ្ឋចំនួន ៣៥៣ មានសិស្សនិទ្ទេសA ចំនួន ១ ៥៤០នាក់ និងសាលាឯកជនចំនួន ១៤១ មានសិស្សនិទ្ទេស A ចំនួន ៦៧៦នាក់។ ដោយឡែកនៅក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សាលារដ្ឋចំនួន៥ មានសិស្សនិទ្ទេសA ចំនួន ៧នាក់ ស្រី ៤នាក់ និងសាលាឯកជនចំនួន២ មានសិស្សនិទ្ទេសA ចំនួន ២នាក់ ស្រី ១នាក់៕







