សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ឪពុក ម្តាយណាក៏ដោយតែងតែព្រួយបារម្ភ ចំពោះកូនដែលការប្រឡងចង់ឱ្យកូនជាប់ ហើយជួយបោះប្រ៊ុយយ៉ុងជួយកូនឱ្យប្រឡងជាប់នោះ គ្មាននិរន្តរភាពនោះទេ ផ្ទុយទៅវិញធ្វើឱ្យកូនគ្មានទំនុកចិត្ត លើកខ្លួនឯងទៅវិញ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស«A» សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបថ្លែងញ្ជាក់ថា ៖ «កាលសម័យខ្ញុំប្រឡងប៊ីសចំមួយដំថ្មដែលគប់ចង់ជាប់ ជាមួយប្រ៊ុយយ៉ុងចូលតាមប្រឡោះបង្អួច«…» អ្វីដែលខ្ញុំនិយាយបែបនេះគឺថាការចង់ជួយកូនចៅ របស់ខ្លួនឱ្យជាប់គឺជាឧបសគ្គមួយ ពិតមែនគាត់រួចមួយតង់ តែគាត់ត្រូវប្រឡូកការងារបន្តទៀត។ អីចឹងការជួយបែបនេះគ្មាននិរន្តរភាព ហើយមិនបានត្រៀមលក្ខខណៈឱ្យកូនចៅត្រៀមខ្លួនឯងដែរ»។

សម្តេចធិបតីបានបន្តថា ឪពុកម្តាយមិនអាចទៅដឹកដៃកូនរហូតនោះទេ នៅពេល យើងមានចំណេះហើយត្រូវបង្កើតឱ្យមានភាពជឿជាក់លើខ្លួនឯង។ សម្តេចធិបតីនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ការប្រឡងបាក់ឌុបគឺ ជាការវាស់ស្ទង់សមត្ថភាពមួយនិងជាការបង្កើតសមត្ថភាព និងការទុកចិត្តលើខ្លួន។

សម្តេចធិបតីគូសបញ្ជាក់បន្ថែមថា៖ « ឪពុកមិនអាចទឹពឹងឱ្យកូនប្រឡងជាប់ ឬធ្លាក់នោះទេ តែឪពុកម្តាយអាចជំរុញឱ្យកូនខំរៀនដើម្បីទទួលបាននិន្ទេសល្អផ្អែកលើសមត្ថភាពខ្លួន»។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង០៨ តុលា ២០២៤ ដោយក្នុងការប្រឡងនេះដែរ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០នាក់ ស្រី ៧៤ ៨៨២នាក់ ត្រូវជា ៥៤,៦៤ភាគរយ, បេក្ខជនបានមកប្រឡង ចំនួន ១៣៤ ៦២៩នាក់ ស្រី ៧៣ ៩២៩នាក់ ត្រូវជា ៥៤,៩១ភាគរយ និងបេក្ខជនបានប្រឡងជាប់សរុប ១០៦ ៣៥១នាក់ ស្មើនឹង ៧៩,០០% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ចំពោះបេក្ខជនទទួលបានទ្ទេសA ចំនួន ២ ២១៦នាក់ ស្រី១ ២៨១នាក់ ត្រូវជា៥៧,៨០% ។

ជាមួយគ្នានេះ ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ១៦ កញ្ញា ២០២៤ សម្រាប់សិស្ស ផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ៧៩៤ នាក់ ស្រី ៣១៩ នាក់, បេក្ខជនមកប្រឡងសរុប ៧៩០នាក់ ស្រី ៣១៨នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ៧៨០នាក់ (ស្រី ៣១៦នាក់) គិតជាភាគរយ ស្មើនឹង ៩៨.៧៣% នៃចំនួនបេក្ខជនមកប្រឡងសរុប ។ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសA សរុបចំនួន ៩ ស្រី ៥នាក់។

សម្រាប់៣សិស្សទទួលបាននិទ្ទេស A សរុប ២ ២២៥នាក់ (គិតទាំងបេក្ខជន អប់រំ បច្ចេកទេស ៩នាក់ផងដែរ) បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ចូលរួមសម្តែងការគួរសម ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សាលារៀនចំនួន ៤៩៤ មានសិស្សទទួលបាននិទ្ទេសA ក្នុងនោះសាលារដ្ឋចំនួន ៣៥៣ មានសិស្សនិទ្ទេសA ចំនួន ១ ៥៤០នាក់ និងសាលាឯកជ នចំនួន ១៤១ មានសិស្សនិទ្ទេស A ចំនួន ៦៧៦នាក់។

ដោយឡែកនៅក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សាលារដ្ឋចំនួន៥ មានសិស្សនិទ្ទេសA ចំនួន ៧នាក់ ស្រី ៤នាក់ និងសាលាឯកជនចំនួន២ មានសិស្សនិទ្ទេសA ចំនួន ២នាក់ ស្រី ១នាក់៕