ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាង២ពាន់នាក់

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៣ខែធ្នូ ឆ្នាំ២០២៤នេះអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការ ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ចប់សព្វគ្រប់ ប្រកបដោយជោគជ័យ។ ក្នុងការប្រឡងលើក​នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧.០៤០ នាក់ ស្រី ៧៤.៨៨២ នាក់ ត្រូវជា ៥៤,៦៤ ភាគរយ, បេក្ខជន​បាន​មកប្រឡង ចំនួន ១៣៤.៦២៩ នាក់ ស្រី ៧៣.៩២៩ នាក់ ត្រូវជា ៥៤,៩១ ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦.៣៥១ ​នាក់ ស្មើនឹង ៧៩,០០% នៃចំនួនបេក្ខជនបានមកប្រឡង សរុប។ ក្នុងនោះ បេក្ខជន​ទទួលបាន៖

១/​និទ្ទេស A ចំនួន ​ ២.២១៦ នាក់​​ស្រី​១.២៨១ នាក់ ​ត្រូវជា ៥៧,៨០%

២/ និទ្ទេស B ចំនួន ​៩.៧០១ នាក់​ស្រី​៥.៩៨៥ នាក់​ត្រូវជា ៦១,៦៩%

៣/​និទ្ទេស C ចំនួន ​២២.៦៧៥ នាក់​ស្រី​១៤.២២០ នាក់​ត្រូវជា ៦២,៧១%

៤/​និទ្ទេស D ចំនួន ​៣៦.៦៨៣ នាក់​ស្រី​២១.៦៩៨ នាក់​ត្រូវជា ៥៩,១៥%

៥/​និទ្ទេស E ចំនួន ​៣៥.០៧៦ នាក់​ស្រី​ ១៨.៣៤៦ នាក់​ត្រូវជា ៥២,៣០%

ផ្អែកតាមលទ្ធផលប្រឡងខាងលើ បានបង្ហាញផងដែរអំពីស្ថានភាពនៃការប្រឡងរបស់ សិស្ស​ជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម ដូចខាងក្រោម៖

១/. ថ្នាក់វិទ្យាសាស្រ្ត បេក្ខជនមកប្រឡងមានចំនួន ៣៩.២២២ នាក់ ស្រី ២៣.៦៥០ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ២៨.៦១៦ នាក់ ត្រូវជា ៧២,៩៦% ស្រី ១៧.៣៩៥ នាក់ ត្រូវជា ៧៣,៥៥%។ បេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស A មានចំនួន ២.០១៤ នាក់, និទ្ទេស B មានចំនួន ៥.៦៤០ នាក់, និទ្ទេស C មានចំនួន ៧.០២៤ នាក់, និទ្ទេស D មានចំនួន ៦.៨៨៩ នាក់ និង និទ្ទេស E មានចំនួន ៧.០៤៩ នាក់។

២/. ថ្នាក់វិទ្យាសាស្រ្តសង្គម បេក្ខជនមកប្រឡងមានចំនួន ៩៥.៤០៧នាក់ ស្រី ៥០.២៧៩ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ៧៧.៧៣៥ នាក់ ត្រូវជា ៨១,៤៨% ស្រី ៤៤.១៣៥ នាក់ ត្រូវជា ៨៧,៧៨%។ បេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស A មានចំនួន ២០២ នាក់, និទ្ទេស B មានចំនួន ៤.០៦១ នាក់, និទ្ទេស C មានចំនួន ១៥.៦៥១ នាក់, និទ្ទេស D មានចំនួន ២៩.៧៩៤ នាក់ និងនិទ្ទេស E មានចំនួន ២៨.០២៧ នាក់។

ជាមួយគ្នានេះ ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ១៦ កញ្ញា ២០២៤ សម្រាប់សិស្ស ផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ៧៩៤ នាក់ ស្រី ៣១៩ នាក់, បេក្ខជន​មកប្រឡងសរុប ៧៩០ នាក់ ស្រី ៣១៨ នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ៧៨០ នាក់ (ស្រី ៣១៦ នាក់) គិតជាភាគរយ ស្មើនឹង ៩៨.៧៣% នៃចំនួនបេក្ខជនមកប្រឡងសរុប ។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A សរុបចំនួន ៩ នាក់ ស្រី ៥ នាក់។

នៅថ្ងៃនេះ សិស្សទទួលបាននិទ្ទេស A សរុប ២.២២៥ នាក់ (គិតទាំងបេក្ខជនអប់រំ បច្ចេកទេស ៩ នាក់ផងដែរ) បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ចូលរួមសម្តែងការគួរសម ជាមួយ សម្តេច​មហា​បវរធិបតីនាយករដ្ឋមន្ត្រី។ សាលារៀនចំនួន ៤៩៤ មានសិស្ស​ទទួលបាននិទ្ទេស A ក្នុងនោះសាលារដ្ឋចំនួន​ ៣៥៣ មានសិស្សនិទ្ទេស A ចំនួន ១ ៥៤០ នាក់ និងសាលាឯកជនចំនួន ១៤១ មានសិស្សនិទ្ទេស A ចំនួន ៦៧៦ នាក់។ រាជធានី ខេត្តចំនួន ២៥ មានសិស្សទទួលបាននិទ្ទេស A។ ដោយឡែក នៅក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត ៣ សាលារដ្ឋចំនួន ៥ មានសិស្សនិទ្ទេស A ចំនួន ៧ នាក់ ស្រី ៤ នាក់ និងសាលា ឯកជនចំនួន ២ មានសិស្សនិទ្ទេស A ចំនួន ២ នាក់ ស្រី ១ នាក់៕