ចាប់បានជនសង្ស័យម្នាក់ ពីបទឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម ក្រោម​រូបភាព​ទិញ​-​លក់​ទំព័រ​គណនី​ហ្វេ​ស​ប៊ុ​ក និង​កម្ចី​ប្រាក់​អន​ឡាញ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនសង្ស័យ​០១​រូប ដែល​ជា​មុខសញ្ញា​សកម្ម​លើ​បទល្មើស​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម ក្រោម​រូបភាព​ទិញ​-​លក់​ទំព័រ​គណនី​ហ្វេ​ស​ប៊ុ​ក និង​កម្ចី​ប្រាក់​អន​ឡាញ ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ​ផ្សេង​ៗ​។ ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០១​រូប ឈ្មោះ ប​.​ន ភេទ​ប្រុស ជនជាតិ​ខ្មែរ មាន​ទីលំនៅ ខេត្តកំពង់ចាម ជា​អ្នក​បង្កើត​គណនី​ផ្សព្វផ្សាយ​កម្ចី​ប្រាក់ និង​បង្កើត​ទំព័រ​បណ្ដាញ​សង្គម​លក់ ដែល​បាន​ធ្វើការ​ឆបោក​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​១១​នាក់ ក្នុង​ទំហំ​ទឹកប្រាក់​២​ម៉ឺន​៥​ពាន់​ដុល្លា​សហរដ្ឋអាមេរិក​។

តាម​ការ​ស្រាវជ្រាវ និង​សួរ​ចម្លើយ ចំនួន​ជន​រង​គ្រោះ និង​ទំហំ​ទឹកប្រាក់​អាច​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ខាងលើ​។ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​ប្រាក់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តាំងពី​អំឡុង​ឆ្នាំ​២០២២​មក​ម្លេះ ដោយ​បង្កើត​គណនី​ទំនាក់ទំនង​សង្គម​ក្លែងក្លាយ ផ្សព្វផ្សាយ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​តាម​អន​ឡាញ និង​ការ​ទិញ​-​ល​ក់ទំព​រ័គ​ណ​នី​ហ្វេ​ស​ប៊ុ​ក ក្រោយ​ពី​ទទួល​បាន​ប្រាក់​ពី​ជន​រង​គ្រោះ​ដែល​ចង់​ស្នើ​សុំ​ប្រាក់​កម្ចី ឬ​ទិញ​ទំព័រ​គណនី​ហ្វេ​ស​ប៊ុ​ក​ពី​រូបគេ គេ​បាន​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕