ភ្នំពេញ៖ ការរីកចម្រើនផ្នែកបរិវត្តកម្មឌីជីថលបានធ្វើអោយមានការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើបមាន Facebook Page, Telegram Channel, Youtube Channel, TikTok. Instagram និង Twitter, ដែលផ្សាយព័ត៌មានចម្រុះមាតិការ។ ប្រព័ន្ធផ្សព្វផ្សាយទំនើប បានផ្សាយលឿន រហ័ស ទទួលបានគ្រប់ពេលវេលាដែលទទួលបានការគាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណៈ។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា នៅកម្ពុជាអ្នកចូលមើលព័ត៌មានតាមបណ្តាញសង្គមមានការកើតឡើង ជិត១៤លាននាក់ ។
ផ្ទុយទៅវិញ ការរីកចម្រើនផ្នែកបរិវត្តកម្មឌីជីថលនេះ បានធ្វើអោយប្រព័ន្ធផ្សព្វផ្សាយបុរាណ មានដូចជាវិទ្យុ ទូរទស្សន៍ ជួបការលំបាក ដោយបាត់បង់ទស្សនិកជន និងបាត់បង់ចំណូលដែលទទួលបានពីការផ្សាយពាណិជ្ជកម្ម។
អាស្រ័យហេតុនេះ បានធ្វើអោយប្រព័ន្ធផ្សព្វផ្សាយបុរាណមួយចំនួនបានព្យួរអាជីវកម្មរបស់ខ្លួន ហើយមួយចំនួនទៀតបានបិទទ្វារទាំងស្រុង។
បើយើងមើលបច្ចុប្បន្នភាពចុងក្រោយនេះ អង្គភាពសារព័ត៌មានដែលកំពុងមានប្រតិបត្តិការដល់ចុងឆ្នាំ ២០២៤ មានតែ ១៦២០ប៉ុណ្ណោះរាប់ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបដែលថយចុះពីដើមឆ្នាំ ២០២៣ដែលមានចំនួន២០០០អង្គភាព។
ឯកឧត្តម ទេព អស្នារិទ្ធបានបញ្ជាក់ថា ការបាត់បង់និងការបិទទ្វារអង្គភាពសារព័ត៌មាននេះក្រសួងព័ត៌មានមានការសោកស្តាយយ៉ាងខ្លាំងពីព្រោះប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនេះធ្លាប់បានជួយប្រជាពលរដ្ឋអស់រយៈពេល ៣០ឆ្នាំមកហើយ ដោយបានផ្ដល់ព័ត៌មានប្រកបដោយគុណភាព ផ្តល់ចំណេះដឹងនិងជួយប្រជាពលរដ្ឋទាំងពុទ្ធិនិងការកម្សាន្តដ៏សំបូរបែបដែលបានជួយរួមចំណែកយ៉ាងសំខាន់ដល់ការវិវត្តផ្នែកសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងបានជួយប្រជាពលរដ្ឋក្នុងការប្រកបរបបប្រចាំថ្ងៃគាំទ្រដល់អាជីវកម្មប្រចាំថ្ងៃផងដែរ។
ស្ថិតនៅក្នុងបរិបទនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញអោយឃើញថា ផលវិបាកនៃបរិវត្តកម្មឌីជីថលតម្រូវអោយតួអង្គទាំងអស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាគួរតែសម្របខ្លួនឲ្យបានទៅតាមរបត់នៃការវិវឌ្ឍរបស់សង្គមជាពិសេសគឺមធ្យោបាយក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យើងចាំបាច់ត្រូវជំរុញគុណភាពសារព័ត៌មានឲ្យប្រសើរឡើងដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល ដោយជម្រុញការផលិតខ្លឹមសារប្រកបដោយគុណភាព លឿន មានភាពទាក់ទាញ ដើម្បីបន្តធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ស្របពេលដែលមធ្យោបាយនៃការផ្សព្វផ្សាយមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសការរីកចម្រើននៃបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ មានភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) វិទ្យុជាតិ និងទូរទស្សន៍ជាតិ កាសែតកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន បានពង្រីកលទ្ធភាព និងពង្រឹងសមត្ថភាពមន្ដ្រីដើម្បីផ្សាយព័ត៌មានបែបឌីជីថលតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក(Facebook) ឆាណែលតេឡេក្រាម YouTube, Twitter , TikTok និង Instagram របស់ខ្លួន ជាពិសេសពង្រឹងការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកំសាន្តជាច្រើនផ្សេងទៀត ដែលបានបង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឱ្យស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើប និងតម្រូវការនាពេលបច្ចុប្បន្ន។
លើសពីនេះទៅទៀត ក្រសួងព័ត៌មានបានពង្រីកការផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិត និងឌីជីថល ដែលផ្សាយតាមរយៈ ៖
Website , កម្មវិធីទូរសព្ទដែ (APP ក្រសួងព័ត៌មាន), Facebook Page, Telegram Channel, YouTube Channel, Tiktok, Instagram, LinkedIn, Twitter,
និង ទូរទស្សន៍ឌីជីថល ក្រសួងព័ត៌មាន(MoINFO TV) ដែលជាព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន ហើយរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយចេញពីលំហរព័ត៌មានកម្ពុជា ដែលរួមចំណែកយ៉ាងសកម្មក្នុងចូលរួមអភិវឌ្ឍន៍ និងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕







