ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះគឺភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នសារព័ត៌មាន។
នៅក្នុងសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី បានផ្តល់អនុសាសន៍មួយ ចំនួនសម្រាប់លោក លោកស្រី និពន្ធនាយកសារព័ត៌មានដែលក្នុងចំណោមអនុសាសន៍នោះ គឺ សម្តេចបវរធិបតីចង់ឃើញវិស័យសារព័ត៌មានដើរតួនាទីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គមដើម្បីរាជរដ្ឋាភិបាល មានមូលដ្ឋានដោះស្រាយបញ្ហាចំគោលដៅ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និង មានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យ ស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គម ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។
រាជរដ្ឋាភិបាលកម្ពុជាត្រូវការនូវការចូលរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចបវរធិបតី នៅក្នុងឱកាសនេះក៏បានកោតសរសើរដោយស្មោះ ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចូលរួមចំណែកថែរក្សាសុខសន្តិភាពនិងការ កសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
ទន្ទឹមនេះ ស្ថាប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គ ចែករំលែកព័ត៌មាន បានលឿនរហ័សទាន់សភាពការណ៍ ដើម្បីបង្ហាញ ពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ ដូចជាព្រឹត្តិការណ៍ នៃការសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងការរួមចំណែកផ្សព្វផ្សាយ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាមជាដើម។
យ៉ាងណាក៏ដោយសម្តេចបវរធិបតី បានកត់សំគាល់ឃើញថា ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវ ជំរុញការបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន៕







