«សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» លេចបង្ហាញមុខរង់ចាំភ្ញៀវទេសចរជិតឆ្ងាយ

0

ក្រចេះ៖ «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ពោល​គឺ​មាន​ចម្ងាយ​ប្រមាណ​ជិត ២០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ក្រចេះ គឺជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​ត្រកាល និង​ផ្សារ​ភ្ជាប់​ទៅ​នឹង​សក្តានុពល​ដ៏​សម្បូរ​បែប​នៃ​ដង​ទន្លេមេគង្គ​។

នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ ២០២៤ «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ​» ទទួល​បាន​សមិទ្ធិ​ផល​ថ្មី​សន្លាង​មួយ​ជា​ផ្លូវ​ការណ៍ នោះ​គឺ អគារ​មជ្ឈមណ្ឌល​ព័ត៌មាន ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ចាន់ សុ​គ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ។

អគារ​មជ្ឈមណ្ឌល​ព័ត៌មាន សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ នេះ​ផង​ដែរ គឺ​ទទួល​បាន​តាម​រយៈ កិច្ចសហការ​រវាង​មន្ទីរ​ទេសចរណ៍​ខេត្ត និង​អង្គការ WWF និង​សហការ​គ្រាំ​ទ្រ​ពី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

វត្តមាន​អគារ​មជ្ឈមណ្ឌល​ព័ត៌មាន​នេះ នឹង​ធ្វើ​អោយ «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ​» ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​ឆ្ងាយ​ជិត តាម​រយៈ​ការ​ផ្សព្វផ្សាយ​ផ្ទាល់ និង​ប្រយោល​គ្រប់​រូបភាព អំពី​សម្រស់​របស់​តំបន់​ទេសចរណ៍ សម្រាប់​គ្រប់​រដូវ​កាល​។

តាម​ការ​ចង្អុលបង្ហាញ​របស់​លោក លោក អ៊​ន ចាន់​តួ ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ បានអោយ​ដឹង​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ថា នៅ​ក្នុង​សហគមន៍​របស់​លោក មាន​សក្តានុពល​ជា​ច្រើន​រួម​មាន​៖ តំបន់​កោះ តំបន់​អភិរក្ស​សត្វ​ផ្សោត តំបន់​អភិរក្ស​សត្វ​ក្តាន់ តំបន់​ប្រវត្តិសាស្ត្រ និង​តំបន់​ថ្មី​មួយទៀត ដែល​នឹង​កំពុង​តែ​គិត​ដើម្បី​អភិវឌ្ឍន៍ នា​ពេល​អនាគត​។

លោក​បាន​បន្ត​ថា តំបន់​កោះ​នៅ​ទី​នេះ មាន​ចំនួន​០៥ ដូច​ជា​៖ កោះ​ព្រហ្មចារី កោះព្រីង កោះក្របី កោះ​អន្លង់​ទ​ន្តា និង​កោះ​ខ្សាច់ ហើយ​កោះ​នីមួយ​ៗ មាន​សណ្ឋាន​ខុស​គ្នា និង​មាន​ភាព​ទាក់ទាញ​ស្រ​ដៀង​គ្នា ហើយ​កោះ​ទាំង​អស់នោះ មាន​កោះ​ខ្លះ​អាច​បោះ​តង់ បាន​កោះ​ខ្លះ​អាច​ស្ទូចត្រី​បាន អាច​ងូតទឹក​លេង​កម្សាន្ត លេង​កីឡា​លើ​វាល​ខ្សាច់ អុំទូក​កៃ​យ៉ាក់ ស្រស់ស្រូប​អាហារ នៅ​លើ​កោះ​ស្តាប់​សម្លេង​ទឹក​ហូរ សម្លេង​បក្សាបក្សី​យំ​ច្រៀង​តាម​បែប​ធម្មជាតិ​។

សូម​បញ្ជាក់​ថា សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់ «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ​» គឺ​ខុស​ពី​ការ​ទៅ​ទស្សនា​នៅ​ទី​ទេសចរណ៍​ផ្សេង​ទៀត ដោយ​ភ្ញៀវ​ទេសចរ​ត្រូវធ្វើ​ដំណើរ​តាម​ទូក​កាណូត​កាត់​ដង​ទន្លេមេគង្គ នៅ​កំពង់ចម្លង​ឫស្សី​ចារ​-​ជ្រោយ​បន្ទាយ ដើម្បី​បាន​ឆ្លង​ទៅ​ដល់​សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះ​។ ទៅ​ដល់​សហគមន៍ ភ្ញៀវ​ទេសចរ​អាច​សម្រាក និង​ទទួលទាន​អាហារ​នៅផ្ទះ​ស្នាក់ (Home Stay) របស់​ប្រជា​សហគមន៍​មួយ​ពេល​សិន មុន​បន្តដំណើរ​តាម​កាណូត​ឆ្ពោះទៅ​ប្រជុំ​កោះ​នៅ​ក្នុង​ក្ដី​សុ​បិ​ន្ត ៕