ក្រុមការបច្ចេកទេសអន្តរក្រសួងកំណត់និយាមកា និងបោះបង្គោល​ព្រំដីតាម​បណ្តោយព្រែក​ជីកហ្វូណនតេជោ​សម្រាប់កំណាត់ទី១ បាន៩៦ចំណុច

0

កណ្តាល៖ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា រយៈពេល ៦ថ្ងៃ​(គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារបច្ចេកទេស​អន្តរក្រសួង កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញ​ការងារ​យ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោល​ព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់​កំណាត់​ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។

ជាមួយរូបថតជាច្រើនសន្លឹកអ្នកនាំពាក្យដដែលគូសបញ្ជាក់ថា ក្រុម​ការងារបច្ចេកទេសសម្រេចការកំណត់និយាមកា និង​បោះបង្គោល​ទាំងអស់សរុប៩៦ចំណុចនៃចំណុចដែលគ្រោង១៤២ ដែលស្មើនឹង​ជាង ៦៧% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។

សូមជម្រាបថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រារព្ធបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ផ្តើម​ពីព្រែក​តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែក​តាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ខេត្តចំនួនបួនរួមមាន៖ ខេត្ត​កណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ដែលមានប្រជាជន​សរុបប្រមាណ ១,៦លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខ​កាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅ​ទឹកប្រមាណ ៥,៤ ម៉ែត្រ(ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នា​បានដោយ សុវត្ថិភាព។

តាមការសិក្សា និងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណ​គម្រោង​នេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ១,៧ ពាន់លាន​ដុល្លារអាមេរិក សម្រាប់សាងសង់និងស្តារផ្លូវទឹកដែលមានស្រាប់ប្រមាណ១៣៥គីឡូម៉ែត្រ និងជីកថ្មីប្រមាណ ៤៥គីឡូម៉ែត្រ ដែលត្រូវប្រើប្រាស់ពេល​វេលាប្រមាណបួនឆ្នាំ។

គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ និងផលប្រយោជន៍​ដូចជា៖ ពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោល​ជំហរ​រក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាពនៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស,ផ្តល់ផលប្រយោជន៍​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មកវិញពីការវិនិយោគប្រមាណពី ២០ភាគរយ ទៅ ៣១ភាគរយ, កាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយ, ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ, ការជំរុញ អភិវឌ្ឍន៍ពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្ម ទីក្រុង ជាដើម,-ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយ​ផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់ , រក្សាបាននូវលំនឹងនៃ​របបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមាន ផលប៉ះពាល់​ជា អវិជ្ជមាន លើរបប​លំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត​និងការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ ជីវចម្រុះ៕