សម្តេចបវរធិបតីគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបនៅក្រុងអរិយក្សត្របានបង្ហាញយ៉ាងច្បាស់ថា វិស័យអចលនទ្រព្យនៅកម្ពុជាបាន និងកំពុងងើបឡើងវិញជាបណ្តើរៗហើយ

0

កណ្តាល៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​នៅ​លើ​ផ្ទៃដី​ជាង​២០០​ហិ​កតា​របស់​ក្រុមហ៊ុន ធី​ភី​ម៉ូ​រ៉ា​ល់ គ្រុប គឺជា​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ និង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន និង​កំពុង​ងើបឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ ខណៈ​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​ប្រកបដោយ​ក្តី​សង្ឃឹម​ឆ្ពោះទៅ​រក​ការ​សម្រេច​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ការ​គិតគូ​លើ​ការងារ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ដែល​ជា​ការងារ​មិន​អាច​ខ្វះ​បាន​។ ការ​បញ្ជាក់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដូចនេះ​ធ្វើ​ឡើង​នា​ពិធី​បើក​ការដ្ឋាន​សាងសង់​ទីក្រុង​មេគង្គ​ឃី​របស់​ក្រុមហ៊ុន ធី​ភី​ម៉ូ​រ៉ា​ល់ គ្រុប ស្ថិត​នៅ​ក្នុង​សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​កម្ពុជា​ក្លាយជា​អរិយ​ប្រទេស​ដ៏​ជឿនលឿន និង​រុង រឿង ជា​ការ​ចាំបាច់​ដែល​ប្រជាជន​យើង​គ្រប់​រូប​ត្រូវ​មាន​លំនៅ​ដ្ឋា​ន​រស់នៅ​សមរម្យ ជា​ទ្រនំ​សុភមង្គល​ដែល​ជា​បំណងប្រាថ្នា​របស់​ពលរដ្ឋ​ទូទៅ ជា​ពិសេស​ស្រទាប់​នៃ​យុវជន​នា​ពេល​បច្ចុប្បន្ន ដោយ​យើង​ដឹង ថា​ការងារ​នេះ​គឺជា​ការងារ​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ដែល​ចង់បាន​លំនៅ​ដ្ឋា​ន​រស់ នៅ​សមរម្យ​។ សម្តេច​ជឿជាក់​ថា គម្រោង​ទីក្រុង​មេគង្គ​ឃី​នឹង​រួម​ចំណេ​ក​ក្នុង​ការ​បំពេញ​នូវ​ក្តី​ប្រាថ្នា​របស់ ប្រជាជន​ផង និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផង ជា​រួម​តាម​រយៈ​ការ​ជួយ​បង្កើន​សកម្មភាព​សកម្ម​នៃ​វិស័យ​អចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ក៏​ដូច​ជា​ការ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌ និង​ទេស ចរណ៍​នៅ​កម្ពុជា​យើង​ផង​ដែរ ដែល​នៅ​ក្នុង​ន័យ​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ ក្រុមហ៊ុន​គិតគូ​ឱ្យ​បាន​ច្បាស់លាស់​លើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ រួម​មាន ការ​រៀបចំ​ការ សាងសង់​ច្រាំង​ទន្លេ ផ្លូវ​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ រួម​ទាំង​រថយន្តក្រុង ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ ផ្លូវ សម្រាប់​រត់​ហាត់ប្រាណ​តាម​មាត់ទន្លេ កន្លែង​កម្សាន្ត​សាធារណៈ កន្លែង​ហាត់ប្រាណ និង​ការ​រៀបចំ​ជា សួនច្បារ​បៃតង​តាម​ដង​ទន្លេ ក្នុង​គោលបំណង​លើក​ស្ទួយ​គុណភាព​ជីវិត ផាសុកភាព និង​ភាព​ស៊ី​វិ​ល័យ នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សោភ័ណ​ភាព ទស្សនីយភាព សុវត្ថិភាព បរិស្ថាន​ល្អ​គួរ​ឱ្យ រស់នៅ និង​អាច​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជា​រួម​ផង​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ដែល​បាន​កើតឡើង​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គ​មហា​សេ នា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​យើង​បាន​វិវឌ្ឍន៍​យ៉ាង ខ្លាំង​មិន​ត្រឹមតែ​ក្នុង​ទិដ្ឋភាព​នៃ​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មានការ​ប្រែប្រួល​មុខមាត់​នៃ សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​កន្លង​មក​បរទេស​ជា​ច្រើន​បាន​ឭ​អំពី​ប្រទេស​កម្ពុជា​ភាគច្រើន​តែ ទៅ​លើ​ទិដ្ឋភាព​នៃ​សង្គ្រាម របប​ប្រល័យពូជសាសន៍ ភាព​ក្រីក្រ និង​ចម្ការ​មីន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន បរទេស​ដែល​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ពួក​គេ​តែងតែ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រីក ចម្រើន និង​ភាព​ទំនើប​ស៊ី​វិ​ល័យ​របស់​កម្ពុជា​ដែល​ខុស​ទាំងស្រុង​ពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​បាន​ឭ ហើយ​បរទេស​ដែល​ធ្លាប់​បាន​មក​លេង​កម្ពុជា​ក៏​មានការ​ភ្ញាក់ផ្អើល​ដូច​គ្នា​ជាមួយនឹង​ល្បឿន​នៃ​ការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​របស់​កម្ពុជា​មិន​ថា​នៅ​ក្នុង​ទីក្រុង ឬ​នៅ​តាម​ទី​ជនបទ​ឡើយ​៕