រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់វិស័យភស្ដុភារកម្ម និងការដឹកជញ្ជូន ដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើង

0

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ជាតិភស្តុភារ​កម្មកាលពី​ព្រឹក​ថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដើម្បី​ពិនិត្យវឌ្ឍនភាពការងារ និងដោះ​ស្រាយបញ្ហាប្រឈមនានារបស់ក្រុមការងារ។កិច្ចប្រជុំនាឱកាសនេះ​មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័ន និងតំណាងស្ថាប័នពាក់ព័ន្ធសរុប ១០០រូប។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះបានរៀបចំឡើង​ដោយបែងចែករបៀបវារៈជា ៣វគ្គ ដើម្បីពិនិត្យវឌ្ឍន​ភាព​ការងារ និងពិភាក្សាដោះស្រាយលើបញ្ហាប្រឈមនានា ។ក្នុងនោះរួមមាន៖ (១). បច្ចុប្បន្នភាពនៃការ​អភិវឌ្ឍ​គម្រោង​ភស្តុភារកម្មរាជធានីភ្នំពេញ (PP-LC) រាយការណ៍ដោយក្រុមហ៊ុន YCH Group, (២). បច្ចុប្បន្នភាពនៃ​ការអភិវឌ្ឍ​​គម្រោង​ភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) រាយការណ៍​ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និង(៣). បទបង្ហាញស្តីពី​បញ្ហាប្រឈមសម្រាប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដោយសភាពាណិ​ជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។

កិច្ចប្រជុំនាឱកាសនេះ ជាការពិនិត្យតាមដានអំពីវឌ្ឍនភាពការងារ​ដែលបាន​ដាក់ចេញដោយរាជរដ្ឋា​ភិបាលសំដៅពិនិត្យ​ដោះ​ស្រាយ​លើបញ្ហាប្រឈមនានាដែលមាននៅក្នុងគម្រោង ដើម្បីសម្រេច​ឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​លើវិស័យ​ភស្ដុភារកម្ម និងដឹកជញ្ជូន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគូសបញ្ជាក់ថា ភស្ដុភារកម្ម និងការដឹកញ្ជូន គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញ​ឱ្យឃើញតាមរយៈការអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹក​ជញ្ជូន​អន្តរមធ្យោបាយ និងភស្ដុភារកម្ម​កម្ពុជា ២០២៣-២០៣៣ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយ​ក្នុងនោះ​មានផែន​ការ​មេចំនួន៧ សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរ​មធ្យោបាយ សរុប​១៧៤គម្រោង៕