សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកនេះ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាល​ពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យក​អាទិ​ភាព​គន្លឹះ ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេក​វិទ្យា​ឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្ត​កម្ម​ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវ​ការ​ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោ​បាយ​ដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីទី៤ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។​ យុទ្ធសាស្ត្រជាតិនេះ ត្រូវបាន​​ប្រកាសដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាសសរស្តម្ភដ៏សំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ និងបាន​ប្រគល់ភារកិច្ចដល់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​ដើរតួនាទីជាស្ថាប័នបង្គោលក្នុងការជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ឆ្នាំ២០២៣-២០២៨។ តាមរយៈនេះ ​ក្រសួងបាន​រៀបចំបង្កើត​​​យន្តការ​ចាំបាច់មួយចំនួនសម្រាប់ដំណើរការក្នុងការជំរុញនិងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងផ្នែកបច្ចេកទេស ផលិតភាព ហិរញ្ញវត្ថុ និង​កិច្ច​​ដំណើរការមុខរបរក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានសមត្ថភាព ​និងលទ្ធភាពគ្រប់​គ្រាន់ក្នុងការអភិវឌ្ឍមុខរបរស្របតាមវត្ថុបំណងសមាហរណខ្លួនទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដ៏មានសក្តានុពល និង​​វឌ្ឍនភាព។

​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាកិច្ចការ​​ចាំបាច់ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងពេញលេញពីគ្រប់ក្រសួង​ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន សមាគម ជាពិសេសពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លួនឯង ដើម្បី​ដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍ បង្កើតប្រព័ន្ធអេកូឡូស៊ី និង​ភាពធន់​នឹង​វិបត្តិជាសកល។

ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិ ត្រូវមានការពិនិត្យតាមដាន និងដោះស្រាយ ជាប់ជាប្រចាំ ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ ​ពិនិត្យលើ​អាទិភាពចំនួន១៥ប្រភេទដែលបានកំណត់អំពីវិស័យនិងប្រភេទអាជីវកម្មមុខរបរ ដែលក្នុងនោះ ​ជំហានដំបូង រាជរដ្ឋាភិបាល​បានគិតគូរកំណត់នូវតំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចមានក្នុងតារាងទី៣នៃឧបសម្ព័ន្ធទី១នៃ យុទ្ធសាស្ត្រជាតិ ដែលបានបែងចែកជា៣តំបន់ ដូចខាងក្រោម៖

ទី១/ តំបន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖(Informal Economy) សំដៅដល់គ្រប់សកម្មភាព​អាជីវកម្ម មុខរបរ និងការងារ ដែលមិនមានការបំពេញបែបបទរដ្ឋបាល (១) មិនមានសកម្មភាពខុសច្បាប់ និង (២) ដែលនាំមានការលំបាកក្នុងការកំណត់អត្តសញ្ញាណ។​

ទី២/ តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ លទ្ធភាពរបស់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធមានកម្រិត និងមិនអាចបំពេញបែបបទពេញលេញដើម្បីចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបាន ដូច្នេះត្រូវមាន​ការ​បង្កើត​តំបន់​នេះឡើង ដោយមានការតម្រូវឱ្យមានការបំពេញបែបបទរដ្ឋបាលគោលខ្លះ ដើម្បីងាយស្រួលក្នុងការកំណត់​អត្តសញ្ញាណ ហើយទទួលបាននូវការថែបំប៉ន ដើម្បីឈានចូលទៅក្នុងតំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទី៣/ តំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ៖ សកម្មភាពនៅក្នុងតំបន់នេះ មានលក្ខណៈ ២ដែរ គឺ៖ មិនមែន (១) សកម្មភាពខុសច្បាប់ និងបំពេញបែបបទរដ្ឋបាលបានពេញលេញដែលងាយស្រួលកំណត់អត្តសញ្ញាណ ប៉ុន្តែត្រូវមានការ រ៉ាប់រងបន្ទុកលើការបំពេញអនុលោមភាព (compliance burden)៕