ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើ ឱ្យរួមគ្នាឆ្លើយតបបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ ស្របពេលដែលបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនបានបាត់បង់ជំនឿទុកចិត្តមួយផ្នែក មកលើកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ចម្រុះ ដូចជាប្រព័ន្នផ្សព្វផ្សាយបុរាណនិងទំនើប ក្នុងនោះមានទាំងព័ត៌មានពិត និងមិនពិត ដោយធ្វើឱ្យការជឿ ទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយមានការថយចុះ។
ថ្លែងក្នុងវេទិកា ស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា- ចិន ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា នៅក្នុងសម័យកាល ដែលជោរជន់ដោយព័ត៌មានការផ្សព្វ ផ្សាយព័ត៌មានក្លែងក្លាយ និងបំភាន់ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់។ ឯកឧត្តមបានលើក ឡើងថា មនុស្សអាចប្រើប្រាស់បច្ចេកវិទ្យាឱ្យបានល្អ និងបង្កើតក្របខណ្ឌពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈមធ្យោបាយ ដូចជា ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានឆ្លាតវៃ ការផ្ទៀងផ្ទាត់ទិន្នន័យឆ្លាតវ័យ និងការឆ្លើយតបពីអ្នកប្រើប្រាស់ជាដើម ដើម្បីពង្រឹងសមត្ថភាពចាប់ និងទប់ទល់ព័ត៌មានក្លែងក្លាយ ព្រមទាំងរួមគ្នាការពារជំនឿទុកចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្ននេះជម្រើសរបស់ប្រជាពលរដ្ឋគឺមានច្រើន ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយរីកចម្រើនប្រជាពលរដ្ឋមានជម្រើស ដោយកាលពីមុនកាលពីទសវត្សរ៍ឆ្នាំ៨០ ៩០ ដោយប្រជាជនអត់មានអ្វីក្រៅពីចំណាយពេលអានសារព័ត៌មាន ស្ដាប់វិទ្យុ ទស្សនាទូរទស្សន៍ ដើម្បីទទួលបានព័ត៌មាន ព្រោះគ្រប់ព័ត៌មាន ដែលបានផ្សាយទៅ គឺជាព័ត៌មានដែលបាន កំណត់ពីនិពន្ធនាយក ឬការិយាល័យការផ្សាយ ឬអ្នកសារព័ត៌មានផ្សាយទៅដែលប្រភពច្បាស់លាស់។ « ប៉ុន្តែម៉ោងនេះ និន្នាការរបស់ប្រជាពលរដ្ឋ បានប្រើប្រាស់មធ្យោបាយហ្វេសប៊ុក Tik tok ជាមូលដ្ឋានធំនៃការទទួលព័ត៌មាន។ អីចឹងហើយបានជាស្ថានភាពនៃការទទួលព័ត៌មានរបស់គាត់នៅក្នុងក្របខ័ណ្ឌនាពេលបច្ចុប្បន្ននេះ មានពិតនិងមិនពិតនៅលាយឡំគ្នា ហើយអារម្មណ៍របស់ប្រជាពលរដ្ឋ បានប្រែប្រួលទៅតាមស្ថានភាពនិងទៅតាមប្រភេទនៃប្រធានបទផងដែរ។ ពេលខ្លះការវាយតម្លៃ ការចាប់អារម្មណ៍ នៅលើប្រធានបទនោះតែម្តង ដែលនេះហើយគឺជាចំណុចមួយដែលយើងមើលឃើញ។»
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានស្នើប្រើប្រាស់បច្ចេកវិទ្យាជំរុញនវានុវត្តន៍ ស្របពេលដែលបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ស្របពេលដែលបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ពលរដ្ឋប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យបានពេញលេញ ដើម្បីជំរុញការច្នៃប្រឌិតថ្មីក្នុងការបង្កើតមាតិកា ខ្លឹមសារ និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ គួរបង្កើនការរាយការណ៍ព័ត៌មាន ឱ្យបានកាន់តែរហ័ស ត្រឹមត្រូវ និងជាក់លាក់ ព្រមទាំងនាំមកនូវបទពិសោធកាន់តែសម្បូរបែបក្នុងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ទស្សនិកជនរបស់ខ្លួន៕







