រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យគ្រប់ភាគីចូលរួមយុទ្ធនាការ “ទេសចរម្នាក់ដាំដើមឈើមួយដើម”

0

កំពត៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ ថ្នាក់ដឹកនាំ អង្គការ និងអ្នកជំនាញពាក់ព័ន្ធ សូមចូលរួមយុទ្ធនាការ  “ទេសចរម្នាក់ដាំដើមឈើមួយដើម”  និង យុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរ ណ៍ និងមនុស្សម្នាក់ៗជាភ្ញាក់ងារផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។

ថ្លែងក្នុងពិធីដាំដើមឈើអនុវស្សាវរីយ៍ជាងមួយរយដើម នៅតាមអមតាមដងផ្លូវ ខាងក្រោយកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីដាំដើមឈើនៅព្រឹកនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀតប្រកបដោយភាពទាក់ទាញ ហើយពិធីដាំដើមឈើនេះនឹងចូលរួមលើកកម្ពស់សោភណ្ឌភាព និងបរិស្ថានជុំវិញបរិវេណកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការអភិវឌ្ឍទេសចរណ៍បៃតងគឺជានិន្នាការដែលសមស្របនឹងពេលវេលា និងតម្រូវការបច្ចុប្បន្នក្នុងការពង្រឹងតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការបង្កើតភាពប្រកួតប្រជែងនិងធានានូវនិរន្តរភាពដោយរក្សាបានស្ថេរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលយូរអង្វែងប្រកបដោយសមធម៌សម្រាប់អនាគតមនុស្សជាតិ និងភពផែនដី និងមនុស្សជំនាន់ក្រោយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ដែរថា ការដាំដើមឈើនាពេលនេះ គឺដើម្បីអបអរសាទរពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត  និងដើម្បីលម្អផ្លូវដ៏សំខាន់មួយខ្សែដែលបានតភ្ជាប់ពីផ្លូវពីសាលាខេត្ត រហូតទៅដល់ឆ្នេរសមុទ្រថ្មី ដែលរដ្ឋបាលខេត្តបាននឹងកំពុងរៀបចំស្ថាបនាសាងសង់។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយឆ្នេរសមុទ្រថ្មីបង្កើតឡើងរួចរាល់ ឆ្នេរនេះនឹងមានភាពទាក់ទាញភ្ញៀវទេសចរ ហើយនិងធ្វើឱ្យកំណើនទេសចរជាតិ និងអន្តរជាតិមកលេងខេត្តកំពតកាន់តែច្រើន។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១២ ខែធ្នូ ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិវគ្គផ្តាច់ព្រាត់ នឹងធ្វើឡើងនៅបរិវេណទីលានកីឡាដ្ឋានលើទឹក ដែលការប្រណាំងទូកក្នុងរយៈចម្ងាយ ១គីឡូម៉ែត្រ ដោយចេញដំណើរពីគល់ស្ពាន់ចាស់(ឥន្ទធនូ) មកដល់វេទិការកិត្តិសយនៅទីលានកីឡាដ្ឋានលើទឹក ខណៈដែលកម្មវិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕