អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ជនជាប់សង្ស័យ ពាក់ព័ន្ធនឹងការធ្វើឃាតអ្នកកាសែតត្រូវបានឃាត់ខ្លួន

0

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអោយដឹងថា. បច្ចុប្បន្ននេះ សំណុំរឿងឃាតកម្មនេះ កំពុងតែស្ថិតនៅក្នុងក្របខណ្ឌនៃការអនុវត្តនីតិវិធីរបស់តុលាការខេត្តសៀមរាបហើយ។

ចំណាត់ការយ៉ាងឆាប់រហ័សនេះ ក៏ដោយសារមានការយកចិត្តទុកដាក់ខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ចំពោះសុវត្ថិភាពរបស់អ្នកសារព័ត៌មានយើងទាំងអស់ ហើយក៏ដោយសារមានការសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធពិសេសរដ្ឋបាលខេត្ត និងដោយមានការចូលរួមជាប់ពីមន្ទីរព័ត៌មានខេត្តសៀមរាប។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្តសៀមរាបបាន កំពុងបន្តតាមដានការវិវត្តនៃដំណើរការនីតិវិធីហើយក្រសួងព័ត៌មានក៏ត្រៀមខ្លួនក្នុងការចូលរួមជួយជ្រោមជ្រែងក្នុងដំណើរការនៃការអនុវត្តនីតីវិធីជំនាញតាមការចាំបាច់នានា ក៏ដូចជាក្នុងក្របខណ្ឌនៃនីតិវិធីតុលាការផងដែរ។

ទន្ទឹមនេះអ្នកនាំពាក្យក្រសួងព័ត៌មានបានស្នើដោយទទូចដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបការងារជាអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្ដិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។មិនត្រូវពាក់ព័ន្ធនឹងទង្វើដែលប្រាសចាកពីក្រមសីលធម៌ ហើយត្រូវអនុវត្ដន៍សកម្មភាពការងាររបស់ខ្លួននៅក្នុងដែននៃច្បាប់ដែលបានកំណត់ ជាពិសេសមិនត្រូវដើរហួសពីព្រំដែនដែលច្បាប់ស្ដីពីរបបសារព័ត៌មានបានកំណត់ឱ្យយើងក្នុងតួនាទីជាអ្នកសារព័ត៌មាននោះឡើយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណដល់អង្គការសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់ចំពោះករណីឃាតកម្ម លើអ្នកកាសែតរូបនេះ។ យ៉ាងណាក៏ដោយគេមិនត្រូវយកករណីព្រឹត្តិការណ៍ដ៏អកុសលមួយនេះដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ ដោយសូមទុកភារកិច្ចអនុវត្តច្បាប់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់ជាធរមាន។

សូមរំលឹកថា អ្នកសារព័ត៌មានអនឡាញ មកពី អង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្ត សៀមរាប លោក ឈឿង ឈឹង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារឲ្យរង របួសធ្ងន់ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ ហើយបានស្លាប់នៅអាធ្រាតម៉ោង២យប់ ឈានចូលថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕