ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានអញ្ជើញពិនិត្យ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ (វិញ្ញាសាសរសេរលើកទី២) យ៉ាងសម្ងាត់ពីសាស្ត្រាចារ្យជំនាញ។
សូមបញ្ជាក់ជូនថា រាល់ដំណើរការនៃការរៀបចំការប្រឡងប្រជែងទាំងអស់ មានការចូលរួមតាមដានឃ្លាំមើលពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត។
បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ លើសពីមួយជម្រើស វិញ្ញាសាចំនួនតែមួយជម្រើសតែប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការរៀបចំការប្រឡង មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។
គួរកត់សម្គាល់ដែរថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែមានវត្តមានជាប្រចាំ នៅមណ្ឌលប្រឡង ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា ជ្រើសរើសវិញ្ញាសា និងតាមដានដំណើរការនៃការប្រឡងប្រជែងប្រកបដោយភាពហ្មត់ចត់ជាទីបំផុត។
នេះជាទំនុកចិត្តដ៏ខ្ពស់បំផុត របស់បេក្ខជន និងសាធារណៈជន ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តការងារមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងគាប់ចិត្ត និងមានប្រសិទ្ធភាព ជាពិសេសកិច្ចការងារដែលបាន និងកំពុងអនុវត្តនេះជាការរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈជាបន្តបន្ទាប់៕