ស្វាកន្ទុយ ស ដែលជិតផុតពូជបំផុតលើលោកកំពុងរស់នៅយ៉ាងសម្ងាត់ និងមានក្តីសុខក្នុងដែនជម្រកសត្វព្រៃលំផាត់

0

ភ្នំពេញ៖ នៅក្នុងព្រៃខ្ពស់ៗនៃដែនជម្រកសត្វព្រៃលំផាត់ សត្វស្វាកន្ទុយ ស (Pygathrix nigripes) កំពុងរស់នៅយ៉ាងសម្ងាត់ និងមានក្តីសុខ។ វាជាប្រភេទសត្វដែលស៊ីស្លឹកឈើជាអាហារ និងត្រូវបានគេស្គាល់ដោយសារពណ៌ដ៏ទាក់ទាញ និងភាពរហ័សរហួនរបស់ពួកវា។

មន្រ្តីរអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ថា ស្វាកន្ទុយ ស ប្រៀបបានទៅនឹងត្បូងដ៏កម្រនៃជីវៈចម្រុះ ដែលរស់នៅពឹងផ្អែកលើព្រៃស្រោងក្រាស់ៗ និងរុក្ខជាតិជាង១៥០ប្រភេទ នៅក្នុងព្រៃត្រូពិចក្នុងតំបន់អាស៊ីអាគ្នេយ៍ជាចំណីអាហារ។ ស្វាកន្ទុយស មានសម្បុរស្រស់ស្អាត និងមានសារៈសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ក៏ប៉ុន្តែពួកវាកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងការជួញដូរជាសត្វចិញ្ចឹម។ បញ្ហាប្រឈមទាំងនេះ បានធ្វើឱ្យវាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់IUCN។ តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife ក្រសួងបរិស្ថាន និងUSAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វស្វាកន្ទុយ ស កំពុងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នេះនៅឡើយ។

តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សកំពុងដំណើរការដើម្បីប្រយុទ្ធប្រឆាំងនឹងការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់ ដើម្បីជួយបង្កើនចំនួនសត្វស្វាកន្ទុយសនេះឱ្យមានការកើនឡើងជាបន្តបន្ទាប់ទៅថ្ងៃខាងមុខ សូមចូលរួមគ្នាថែរក្សាសត្វដ៏អស្ចារ្យទាំងនេះ និងទីជម្រករបស់ពួកវា ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយរបស់យើងបានឃើញ និងស្គាល់ពួកវាផងដែរ៕