Home សង្គម គម្រោងសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែល្អប្រសើរ

គម្រោងសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែល្អប្រសើរ

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា គម្រោងសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែល្អប្រសើរ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ផ្ដោតសំខាន់ទៅលើសុខភាព ការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ។

ថ្លែងក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា តាមរយៈយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ផ្ដោតសំខាន់ទៅលើសុខភាព ការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលក្នុងនោះ គម្រោងមន្ទីរពេទ្យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជំនាញសុខាភិបាល រួមទាំងការបញ្ជូលបច្ចេកវិទ្យាសុខាភិបាលឈានមុខ សម្រាប់ការធ្វើនវានុវត្ដន៍វិស័យសុខាភិបាល ឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅអនាគត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា គម្រោងមន្ទីពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នឹងឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការយកចិត្ដទុកដាក់របស់ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យកាន់បានប្រសើរឡើងនូវសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល។

មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល។

សូមបញ្ជាក់ថា គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែតការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែតការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) សរុបទាំងអស់ ៨ជាន់ ស្មើនឹង ២៧ ០៧៩ ម៉ែត ដែលមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែ៕

Previous articleរាជរដ្ឋាភិបាលកម្ពុជាមានគោលដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយដ៏រស់រវើក
Next articleអភិបាលខេត្តកណ្ដាល អំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត សូមមកធ្វើច្បាប់អាជីវកម្មឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៥ ជៀសវាងការចាត់វិធានការតាមច្បាប់