ភ្ញៀវទេសចរបរទេសជិត៥០០នាក់មកធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ ខេត្តព្រះសីហនុ

0

ព្រះសីហនុ៖ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន៤៩០នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤។

តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ Blue Dream Melody សញ្ជាតិ Liberia មានបណ្តោយ២០២,៥៨ម៉ែត្រ ទទឹង២៨,៨០ម៉ែត្រ ជម្រៅទឹក៦,២ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៤៩០នាក់ ស្រី ២៥៦នាក់ ស្មើនឹង៤សញ្ជាតិ និងមាននាវិកសរុបចំនួន២៩១នាក់ ស្រី១០២នាក់ ស្មើនឹង៧សញ្ជាតិ។ នាវាទេសចរណ៍ Blue Dream Melody បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។ នាវា Blue Dream Melody មានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។

ភ្ញៀវទេសចរបរទេសបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុ នៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌ ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិវឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។

ការចូលចតរបស់នាវាទេសចរណ៍បរទេសនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សរបញ្ជាក់ថា រដូវប្រាំង នាវាបរទេសនឹងនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា ពិសេសការចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ។ ទន្ទឹមនោះផងដែរ ក៏មានការការពារសន្តិសុខ សុវត្ថិភាព ពីកងកម្លាំងសមត្ថកិច្ច ព្រមទាំងមាន ការសម្របសម្រួលពីអាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕