សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានប្រកាសឱ្យដឹងពីការធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរីរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤ខាងមុខនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)។ពិធីនេះអនុញ្ញាតឱ្យមានការចូលរួមប្រកួតបង្ហើរពីបេក្ខជននានាផងដែរ ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ”ទស្សនាសៀមរាបឆ្នាំ២០២៤” ក៏ដូចជាផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកទស្សនាខេត្តសៀមរាប អង្គរឱ្យបានកាន់តែច្រើនកុះករ។
ក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី មានកម្មវិធីមួយចំនួននឹងប្រារព្ធឡើងក្នុងនោះ៖ កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរដែលមកពីបណ្ដារាជធានី ខេត្តទូទាំងប្រទេស និងមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តសៀមរាប,កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយផលិតផលមួយ ,ការសម្ដែងល្ខោនបាសាក់ លោ្ខននិយាយ និងការប្រគំតន្រ្តីបុរាណ ,សម័យក្នុងពេលរាត្រី ,កម្មវិធីបង្ហាត់បង្ហាញអំពីរបៀបនៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរីដោយព្រឹទ្ធាចារ្យខ្លែងឯកក្នុងខេត្តសៀមរាប ។
ខ្លែងខ្មែរដែលល្បីល្បាញជាងគេគឺ ខ្លែងឯក ដែលមានរូបរាងកោង ឬដូចជាអង្រឹង អាចបង្កើតជាសំឡេងតន្ត្រីយ៉ាងពិរោះនៅពេលត្រូវខ្យល់បក់។ ឧបករណ៍តន្ត្រីឯកត្រូវបានភ្ជាប់យ៉ាងខ្ពស់ ទៅនឹងសំឡេងខ្លែង។ អ្នកបង្ហោះខ្លែងភាគច្រើន ត្រូវបានគេរកឃើញនៅក្នុងខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ក្រចេះ ព្រៃវែង កំពង់ស្ពឺ តាកែវ កំពត ក្រុងកែប និងទីក្រុងភ្នំពេញ។
រដូវបង្ហោះខ្លែងគេនិយមបង្ហោះខ្លែងនៅខែប្រាំងចាប់ពីខែវិច្ឆិកាដល់ខែមីនា ជាពេលដែលមានខ្យល់រដូវ (ខ្យល់ស្ងួតបក់ពីទិសឦសាន)។ វាជាន់ពេលដែលប្រជាកសិករចាប់ផ្ដើមប្រមូលច្រូតកាត់ និងជារដូវកម្សាន្តផងដែរ។
អ្នកសិក្សាស្រាវជ្រាវអំពីខ្លែងនៅប្រទេសកម្ពុជាបានឱ្យដឹងថា ក្នុងចំណោមខ្លែងទាំង២៧ប្រភេទ ដែលគេបានរកឃើញមានតែខ្លែងឯកមួយគត់ ដែលមានប្រជាប្រិយភាពជាងគេ ដោយសារវាមានរូបរាងស្អាត និងមានបន្លឺសំឡេងពិរោះដូចតន្ត្រី។
សូមជម្រាបថា ល្បែងបង្ហើរខ្លែង គឺជាល្បែងប្រពៃណីមួយក្នុងសង្គមខ្មែរតាំងពីបុរាណ និងជាការ ពេញនិយមណាស់ សម្រាប់អ្នកស្រុកស្រែចម្ការ ពិសេសជាចំណូលចិត្តរបស់ក្មេងៗ ដែល តែងបង្ហើរខ្លែងតាមវាលស្រែ។ ខ្លែងខ្មែរ គឺមានច្រើនប្រភេទណាស់ ហើយការ រចនា និងការច្នៃប្រឌិតរូបរាងខ្វែងវាអាស្រ័យទៅតាមចំណូលចិត្តរបស់អ្នកភូមិស្រុក ដែលតែងបង្ហើរខ្លែងតាមវាលស្រែ។ខ្លែងខ្មែរ គឺមានច្រើនប្រភេទណាស់ តាមតំបន់រៀងៗខ្លួន។ក្នុងចំណោមប្រភេទខ្លែងទាំងនោះ ភាគច្រើនឃើញគេនិយមបង្កើរតែ ខ្លែងកណ្តូង និងខ្លែងឯកតាំងពីសម័យបុរាណកាលមកម៉្លេះ ។ចំពោះខ្លែងឯក ដើមឡើយមានឈ្មោះថាជា “ខ្លែងមេកូន ឬខ្លែងព្នង” ដែលមាននិយាយ តាំងពីមុនគ្រិស្តសករាជមកម៉្លេះ ដ្បិតគេបង្កើតឡើងសម្រាប់ បង្ហើរពេល រដូវប្រមូលផលស្រូវ ចូល មកដល់ និងជាពេល នៃរដូវរំហើយផង ហើយការបង្ហើរខ្លែងឯកនេះ ទំនងជាផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។
ម្យ៉ាងទៀតប្រពៃណីនៃការបង្ហើរខ្លែង មិនមែនធ្វើឡើងគ្រាន់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីមួយសម្រាប់គោរពបូជាដល់សាសនាសំខាន់ទាំងពីរផងដែរ ដែល ប្រជាជនខ្មែរធ្លាប់ជឿ និងគោរពតាំងពីដើមរៀងមក គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ បើតាមជំនឿរបស់ខ្មែរតាំងពីបុរាណ បើកាលណាបង្ហើរខ្លែងឯក ហើយ ខ្លែងនោះធ្លាក់ទៅលើដំបូល ផ្ទះអ្នកណា គេចាត់ថាជាការចង្រៃ ឬក៏នាំគ្រោះដល់ម្ចាស់ផ្ទះ ដោយម្ចាស់ផ្ទះតម្រូវឱ្យម្ចាស់ ខ្លែងនោះរៀបចំពិធីនិមន្តព្រះសង្ឃសូត្រមន្ត បញ្ចៀសនៅគ្រោះចង្រៃទាំងនោះ។ មួយវិញ ទៀតក្នុងពិធីទ្វារទសមាស ដែលជាពិធីទាក់ទងនឹងពុទ្ធសាសនា ក៏មាននិយាយពីការបង្ហើរ ខ្លែងឯកដែលគេច្រើនធ្វើនៅខែ មិគសិរ។ រីឯក្នុងរជ្ជកាលព្រះអង្គឌួងទ្រង់ក៏មានប្រតិបត្តិទំនៀមទម្លាប់បង្ហើរខ្លែងឯកនេះដែរ ដើម្បីជាការគោរពបូជាចំពោះព្រះចូឡាមណីចេតិយ។
ចំណែកឯរឿងព្រេងនិទានជាច្រើន បានតំណាលអំពីដើមកំណើត និងការបង្ហើរខ្លែងឯកឧទាហរណ៍ក្នុងរឿងធនញ្ជ័យ គឺដោយសារតែការបង្ហើរខ្លែងឯកនេះហើយ ដែលធ្វើឱ្យធនញ្ជ័យរួចផុតពីការជាប់ឃុំយែងនៅស្រុកចិន ដ្បិតសំឡេងឯករបស់ខ្លែងបានបង្ហើរសូរតម្អូញតម្អែរ ជារៀងរាល់យប់ និងលាន់ឮពាសពេញនៃបរិវេណគុករហូតធ្វើឱ្យស្ដេចចិនឮហើយមានការព្រួយបារម្ភភ័យខ្លាច។បើពិនិត្យក្នុងសិលាចារឹកមួយផ្ទាំងដែលមានកាលបរិច្ឆេទតាំងពីដើមសតវត្សទី១០ ប្រែសម្រួលដោយលោក ហ្សក សឺដែស ជាបុរាណវិទូបារាំង ក៏បានបង្ហាញពីការរៀបចំព្រះរាជពិធីបង្ហើរខ្លែង និងមានគ្រឿងតង្វាយផ្សេងៗរួមទាំងថ្វាយខ្លែងចំនួន៥ជាមួយគ្រឿងតង្វាយទាំងនោះ ប៉ុន្តែក្នុងសិលាចារឹកនេះពុំបានប្រាប់ឱ្យដឹងថាតើខ្លែងនៅក្នុងគ្រឿងតង្វាយនោះគេប្រើប្រាស់សម្រាប់ធ្វើអ្វីនោះឡើយ។
បើតាមលោកស្រី ជៀង ណារិន ដែលជាសហអ្នកនិពន្ធសៀវភៅស្តីពីខ្លែងឯកបានឱ្យដឹងថា ខ្លែងឯកដែលជាខ្លែងប្រពៃណីរបស់ខ្មែរនិងមានពន្លឺសំឡេង ព្រោះខ្លែងឯកមានឈ្មោះហៅតាំងពីបុរាណមកថា ខ្លែងព្នង ឬខ្លែងមេកូន។ ខ្លែងឯក មានឆ្អឹងស្លាប និងឆ្អឹងទ្រូង ធ្វើអំពីឫស្សីពាស ដោយក្រដាស និងអណ្ដាតឯក ធ្វើអំពីផ្ដៅកន្ទុយ ធ្វើអំពីស្លឹកត្នោត ឬភ្ជុល ឬក៏ស្លឹកទ្រាំង។
លោកស្រីបន្តថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ខ្លែងឯក មិនត្រឹមតែបានរស់ឡើងវិញនោះទេតែត្រូវបានសាកលលោក ទទួលស្គាល់ និងឱ្យតម្លៃថា ខ្លែងឯកមានរាងស្អាត និងមានសំឡេងដូចតន្ត្រីនិងមានទម្រង់ដូចយន្តហោះទៀតផង ។ខ្លែងឯកខ្មែរបានចូលមហោស្រពខ្លែងអន្តរជាតិជាញឹកញាប់ដូចជានៅប្រទេសក្នុងតំបន់អាស៊ានមានប្រទេសថៃ វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។នៅអាស៊ីបូព៌ាដូចជាប្រទេសចិន កូរ៉េ ជប៉ុន ។នៅអាស៊ីខាងត្បូងមានប្រទេសឥណ្ឌានិងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបដូចជា អង់គ្លេស បារាំង អ៊ីតាលី និងប្រទេសតួកគីជាដើម៕