សិស្សនិស្សិត NPICជិត ២ពាន់នាក់ ប្រឡងបញ្ចប់ការសិក្សាជំនាញ និងបច្ចេកទេសយ៉ាងជោគជ័យ

0

ភ្នំពេញ៖ សិស្ស​និស្សិត​ចំនួន ១៩១៧​នាក់​(​ស្រី ២៥៨​នាក់​) ដែល​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០២៤ ខណៈ​ពួក​គេ​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​នៃ​លទ្ធផល​ដែល​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​សិក្សា​រៀនសូត្រ​ជំនាញ និង​បច្ចេកទេស​កន្លង​មក​។

របាយការណ៍​របស់ NPIC បានឱ្យ​ដឹង​ថា ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០២៤​នេះ​មាន​រយៈពេល ៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៧ ខែធ្នូ គឺជា​ការ​ប្រឡង​លើក​ទី​១ សម្រាប់​ការ​ការពារ​និក្ខេប​ន​ទ​បញ្ចប់​ការ​សិក្សា​ថ្នាក់បណ្ឌិត​បច្ចេកវិទ្យា ហើយ​នេះ​ជា​លើក​ទី​៤ សម្រាប់​ការ​ការពារ​សារ​ណា​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​។

ចំណែក​ការ​ប្រឡង​នេះ​ទៀត​សោ​ធ គឺជា​លើក​ទី​១៦ សម្រាប់​ការ​ការពារ​សារ​ណា​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​បច្ចេកទេស ហើយ​វា​ជា​លើក​ទី​១៨ សម្រាប់​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​ជា​លើក​ទី​៨ សម្រាប់​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​២ និង​៣​។

NPIC បាន​បន្ត​ថា និស្សិត​កម្រិត​បណ្ឌិត​បច្ចេកវិទ្យា (PhD Level) មាន​ចំនួន ១៨​នាក់ (​ស្រី​១​នាក់​) ចែក​ជា​២​ជំនាញ​គឺ ជំនាញ​វិស្វកម្ម​អគ្គិសនី​ចំនួន ១៥​នាក់ (​ស្រី​១​នាក់​) និង​ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល​ចំនួន ៣​នាក់ (​ស្រី​០​នាក់​)​។ និស្សិត​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (Master Level)​មាន​ចំនួន ១០៨​នាក់ (​ស្រី​៧​នាក់​) មាន​ចែក​ជា ៤​ជំនាញ​គឺ ជំនាញ​វិស្វកម្ម​អគ្គិសនី​ចំនួន ១៦​នាក់ (​ស្រី​០​នាក់​), ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល​ចំនួន ៤៤​នាក់ (​ស្រី​២​នាក់​), ជំនាញ​សំណង់​ស្ថាបត្យកម្ម​ចំនួន ២៧​នាក់ (​ស្រី​៤​នាក់​) និង​ជំនាញ​វិស្វកម្ម​មេកា​និក​ចំនួន ២១​នាក់ (​ស្រី​១​នាក់​)​។

ចំណែក​និស្សិត​កម្រិត​បរិញ្ញាបត្រ​បច្ចេកទេស (Engineering Level) មាន​ចំនួន ១០៨៣​នាក់ (​ស្រី​១១៦​នាក់​) ដែល​ចែក​ជា ១២​ជំនាញ ហើយ​និស្សិត​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (Diploma Level)​មាន​ចំនួន ៥៦៤​នាក់​ដែល​មាន ១២​ជំនាញ និង​សិស្ស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិ​ជ្ញា​ជីវៈ​កម្រិត​២ និង​៣​មាន​ចំនួន ១៤០​នាក់​។

និស្សិត​ឈ្មោះ ចាន់ ប៉េង​ហ៊ុយ អាយុ ២០​ឆ្នាំ​សិក្សា​ជំនាញ​អគ្គិសនី​ថ្នាក់​បរិញ្ញាបត្រ​រង​បាន​និយាយ​ថា រូបគេ​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា​២០២៤​នេះ ដោយសារ​នេះ​ជា​ពេលវេលា​ដែល​រូ​ន​គេ​បាន​ទន្ទឹងរង់ចាំ ដើម្បី​ឆាប់​បាន​ចូល​ធ្វើ​ការងារ​ទៅ​តាម​មុខ​ជំនាញ​ដែល​ខ្លួន​សិក្សា​រៀនសូត្រ​។

លោក​បន្ត​ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​ដូច​ជា​លោកគ្រូ អ្នកគ្រូ​សាលា NPIC ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​សិក្សា​ជំនាញ​ដែល​ខ្ញុំ​ពេញចិត្ត ហើយនឹង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ជំនាញ​មួយ​យ៉ាង​ពិតប្រាកដ​ក្នុង​ការ​ជួយ​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង​គ្រួសារ​ខ្ញុំ​»​។

និស្សិត​ឈ្មោះ ម៉ា​ន់ វ៉ា​ន់​នេ​ត អាយុ ២៣​ឆ្នាំ​សិក្សា​ជំនាញ​អគ្គិសនី​ថ្នាក់​បរិញ្ញាបត្រ​រង​បាន​និយាយ​ថា ឆ្លង​ការ​ប្រឡង​នា​ពេល​នេះ លោក​មាន​ក្ដី​សង្ឃឹម​ច្រើន​ថា​នឹង​ទទួល​បាន​លទ្ធផល​ជាទី​ពេញចិត្ត ព្រោះ​លោក​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​យ៉ាង​ខ្លាំង ថែម​ទាំង​មានការ​ជួយ​ជ្រុំ​ជ្រែក​ពី​លោកគ្រូ អ្នកគ្រូ​ផង​ដែរ​។

លោក​បន្ត​ថា​៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន​ផ្សេង​ទៀត​ដែល​មិន​មាន​ជំនាញ ហើយ​កំពុង​សម្រេចចិត្ត​ស្វែងរ​ការងារ​ធ្វើ គឺ​គួរតែ​មក​រៀន​ជំនាញ​សិន ដើម្បី​ទទួល​បាន​សមត្ថភាព​ពិតប្រាកដ ហើយ​មាន​ជំនាញ​បច្ចេកទេស​ស្រប​ទៅ​តាម​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​អាច​រក​ចំណូល​ជួយ​ដោះស្រាយ​ជីវៈភាព​គ្រួសារ​យើង​»៕