អ្នកនាំពាក្យក្រសួងកសិកម្ម៖ ប្រជាពលរដ្ឋទូទៅគាត់នឹងជឿជាក់ទៅលើត្រីចិញ្ចឹមនៅកម្ពុជា ថាមានគុណភាព មានសុវត្ថិភាព និងមានស្តង់ដា

0

ភ្នំពេញ៖ តាមរយៈពិព័រណ៍វារីវប្បកម្មកម្ពុជាលើកដំបូងនៅថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ សាធារណជនទូទៅនឹងបានជ្រាប អាចស្គាល់ អាចយល់ដឹងកាន់តែច្បាស់អំពីខ្សែច្រវ៉ាក់ លើវិស័យវារីវប្បកម្ម ក្នុងនេះចាប់តាំងតែពីការជ្រើសរើសពូជ ការផ្តល់ចំណីត្រី បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្មនៅកម្ពុជា។ អញ្ចឹងយើងសង្ឃឹមថាតាមរយៈការយល់ដឹងទាំងនេះ ប្រជាពលរដ្ឋទូទៅគាត់នឹងមានជំនឿជឿជាក់ទៅលើត្រីចិញ្ចឹមនៅកម្ពុជា ថាមានគុណភាព មានសុវត្ថិភាព អាចទទួលទានបាន។ នេះជាការថ្លែងបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

លោកជំទាវ អ៊ឹម រចនា ថ្លែងបា្រប់ឱ្យដឹងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ថា «វារីវប្បកម្មកម្ពុជាលើកទី១»ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផ្តួចផ្តើមរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈពីធនធានត្រីចិញ្ចឹមនៅកម្ពុជា និងពិសេសលើកកម្ពស់ការយល់ដឹងពីសាធារណៈជនក្នុងវិស័យវារីវប្បកម្មនេះថាតើកំពុងដើរដល់ហើយ និងព្រមទាំងមានគុណភាពដល់កម្រិតណាដែរនោះ។ ប្រជាពលរដ្ឋទូទៅតែងមិនសូវនិយមទទួលទានត្រីចិញ្ចឹមទេ ដោយពួកគាត់ភាគច្រើនយល់ឃើញថាត្រីចិញ្ចឹមមិនត្រូវតាមស្តង់ដា ខ្វះអនាម័យ ដែលនៅពេលពួកគាត់ទទួលទានទៅអាចបង្កបញ្ហាដល់សុខភាព។ ប៉ុន្តែតាមរយៈក្រុមការងារដែលក្រសួងបានចុះអនុវត្តផ្ទាល់ និងការតាមដានពីអ្នកជំនាញក្រសួង រដ្ឋបាលជលផល ដោយក្នុងនេះមានការសហការជាមួយវារីវប្បករ សមាគមវារីវប្បករ ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល ក្រុមហ៊ុនលក់ចំណី ក៏ដូចជាសហគ្រាសអ្នកកែច្នៃ ដោយគិតរហូតមកដល់ពេលនេះ វិស័យវារីវប្បកម្មរបស់កម្ពុជាបានវិវត្តទៅមុខគួរឱ្យកត់សម្គាល់។ ពិសេសជាងនេះមានសញ្ញាវិជ្ជមានជាច្រើនដែលក្រសួងចាំបាច់ត្រូវបង្ហាញ ដើម្បីឱ្យសាធារណជនបានជ្រាបថា គុណភាពត្រីចិញ្ចឹមនៅកម្ពុជាមានស្តង់ដាមានអនាម័យ ហើយអាចទទួលទានបានដោយមិនប៉ះពាល់ដល់សុខភាពឡើយ។

លោកជំទាវបានថ្លែងដោយបញ្ជាក់ដែរថា កន្លងមកនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងយកចិត្តទុកដាក់ខ្ពស់ លើវិស័យវារីវប្បកម្មនៅកម្ពុជា ដោយបានសហការយ៉ាងជិតដិតជាមួយក្រុមហ៊ុនដៃគូ អង្គការ សមាគមអ្នកចិញ្ចឹមត្រី ព្រមទាំងសហគ្រាសផ្សេងៗដែលកែច្នៃត្រី ធ្វើយ៉ាងណាដើម្បីឱ្យវិស័យការចិញ្ចឹមត្រី មានគុណភាព កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានវិសាលភាពកាន់តែទូលំទូលាយ ដើម្បីធានានូវសុវត្ថិភាពចំណីអាហារអ្នកបរិភោគ ធានាដល់ស្ថេរភាពតម្លៃត្រីលើទីផ្សារ សម្រាប់អ្នកបរិភោគ។

គួរបញ្ជាក់ថា កម្ពុជានឹងរៀបចំពិព័រណ៍ «វារីវប្បកម្មកម្ពុជាលើកទី១» ដើម្បីជំរុញកិច្ចសហការក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្មនៅកម្ពុជា ដែលនឹងរៀបចំឡើងនៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញនេះ និងបង្កើនការយល់ដឹងជាសាធារណៈ អំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម។ ពិព័រណ៍នេះនឹងចូលរួមបង្កើតយន្តការផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជាផងដែរ៕