ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅដើមអាណត្តិទី៧នេះ បានសម្រេចនូវការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និងកៀរគរធុរជន និងការវិនិយោគ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងការធ្វើ កំណែទម្រង់គ្រប់វិស័យរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលផ្ដោតសំខាន់លើការចាក់គ្រឹះឱ្យកាន់តែរឹងមាំនៃគុណភាព ប្រសិទ្ធភាព ទំនើបកម្ម និងការអភិវឌ្ឍដោយចីរភាពយូរអង្វែង។ នេះបើយោងតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមានការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់តាមរយៈវិធានការស្នូលទាំង ៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ បំពេញ កាតព្វកិច្ចដែលកម្ពុជាមានប្រកបដោយការទទួលខុសត្រូវ និងមោទនៈ។
តាមរយៈសារលិខិតនោះ សម្តេចបវរធិបតី បានគូសរំលេចថា នៅក្នុងបរិការណ៍នៃការលំបាក និងដុនដាប់សេដ្ឋកិច្ចរបស់ពិភពលោក និងស្ថានភាពមិននឹងនរនៃស្ថិរភាព និងសន្តិភាពពិភពលោកដែលកំពុងមាន សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច បានយល់ឃើញថា នៅមានការងារច្រើនមុខ ច្រើនរឿង ច្រើនវិស័យទៀត ដែលកម្ពុជាត្រូវបន្តប្រឹងប្រែងជម្នះនូវរាល់ឧបសគ្គ ការលំបាក ការប្រជែង និងបញ្ហាជាច្រើនទៀត ដែលត្រូវតែប្រឈម និងសម្រេចឱ្យបាន ដើម្បីនាំនាវាកម្ពុជាដើរឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែម និងការកសាងថ្មីៗ ដែលបម្រើជាពិសេសដល់ ជីវភាព និងការរស់នៅរបស់ពលរដ្ឋយើងគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឈដ្ឋានឱ្យកាន់តែល្អ ងាយស្រួល និងប្រសើរឡើងជាលំដាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញនូវ ជំនឿយ៉ាងមុតមាំថា ទាំងរដ្ឋ ឯកជន និងមហាជនទូទៅ រួបរួមគ្នាប្រឹងប្រែងក្រោមម្លប់តែមួយនៃ ជាតិ សាសនា ព្រះមហាក្សត្រ នោះកម្ពុជានឹងសម្រេចបាននូវគោលដៅរួម ដែលប្រជាពលរដ្ឍទាំងអស់គ្នប៉ងប្រាថ្នាចង់បាននាពេលអនាគត៕







