គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជាង៩៥គីឡូម៉ែត្រជិតរួចរាល់

0

កំពត៖ គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ (PK000+000 – PK095+270)ចាប់ផ្តើម​ពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត(ចំណុចផ្លូវជាតិលេខ ៣គិតត្រឹមដំណាច់​ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្ត​គម្រោងសម្រេច​បានលទ្ធផលជារួម ៩៧,០១%ហើយ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធាណរណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរាត្រីថ្ងៃទី៣ ខែធ្នូ នេះ​ដោយបង្ហាញ​សកម្មភាពនៃ​ការចុះពិនិត្យលើវឌ្ឍនភាពការរងារនៅព្រឹកថ្ងៃទី៣ ខែធ្នូ។អ្នកនាំ​ពាក្យដដែលបន្តថា នេះក៏ជាផ្នែកមួយ ដើម្បីឈាន​ទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខផងដែរ ដែលមានន័យថា​គម្រោងនេះសម្រេចលទ្ធផល​ជិតរួចរាល់​ទាំងស្រុងហើយ ។

ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និង​ដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវ​ជាតិលេខ៤១ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់​ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។

ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់​កាល នៃការប្រគល់-ទទួល នាពេលខាងមុខ។​ឯកឧត្តម​រដ្ឋលេខាធិការ តែងបានចុះជាប់​ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់​របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្ត​ទៅស្របតាមបទដ្ឋាន​បច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់​មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់​បានយូរអង្វែង។

សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 ​– PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។

គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបាន​លទ្ធផលជារួមបាន ៩៧,០១% ហើយ ដោយក្នុងនោះ ការងារអ៊ុត​កៅស៊ូ AC បានបញ្ចប់ស្ទើរ១០០ភាគរយ ការងារបំពាក់សម្ភារ​សុវត្តិភាព​ចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើររួចរាល់។

គួររំលឹកថា ការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៤១ គម្រោងស្តារ និងលើកកម្រិត​គុណភាពផ្លូវជាតិ​លេខ៤១​ត្រូវបាន​ប្រកាសបើកការដ្ឋានកាលពីថ្ងៃទី២៦ ធ្នូ ២០២២ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕