ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” រយៈពេល២ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញ។
ក្រសួងកសិកម្មបានពណ៌នាថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។
ព្រឹត្តិការណ៍នេះសាធារណជនអាចចូលរួមទស្សនាបានដោយសេរី។
សូមជម្រាបថា យោងតាមរបាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថា ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ ក្នុងការការចិញ្ចឹមត្រីបានចំនួន ៣១៤ ០០០តោន និងការចិញ្ចឹមក្រពើបានចំនួន ៣៣២ ៧០០ក្បាល ។ចំណែកការភ្ញាស់កូនត្រីពូជវិញទទួលបានចំនួន ២៦៩លានក្បាល ។ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាក៏មានការចិញ្ចឹម និងការធ្វើអ្វីផ្សេងៗទៀត ដូចជាការផលិតកូនត្រីឆ្ពង់ និងកូនក្ដាមជាដើម។ជាទិសដៅនៅឆ្នាំ២០២៤ក្រសួងកសិកម្មតាមរយៈរដ្ឋបាលជលផល បានដាក់ទិសដៅសម្រេចឱ្យបានផលនេសាទទឹកសាបចំនួន ៤៥៤ ០០០តោន និងសមុទ្រចំនួន ១៣០ ០០០តោន។ ចំណែកវារីវប្បកម្មវិញត្រូវបានរដ្ឋបាលជលផលដាក់គោលដៅសម្រេចឱ្យបានចំនួន ៣៥ម៉ឺនតោន ។
តាមការអង្កេតបង្ហាញថា សម្រាប់មនុស្សម្នាក់បានបរិភោគសាច់ត្រីជាមធ្យម ៥២.៤ គីឡូក្រាមក្នុងមួយឆ្នាំ (ឆ្នាំ២០២១) ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅបញ្ជាក់ថា ចំនួននេះបានបង្ហាញពីការទទួលបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ពីវារីវប្បករក្នុងស្រុក និងអាចឈានទៅបង្កើនចំនួននាំចេញបន្តបន្ទាប់ទៀតទៅកាន់ប្រទេសដែលជាដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា ប្រទេសចិន និងប្រទេសកូរ៉េជាដើម៕