ផ្សារបឹងឈូកដែលរងអគ្គីភ័យ ត្រូវបានថ្នាក់ដឹកនាំ ចុះមកត្រួតពិនិត្យ ដើម្បីរៀបចំចាប់ផ្តើមជុសជុលឡើងវិញ

0

បាត់ដំបង៖ តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្សារបឹងឈូក ក្រុងបាត់ដំបង ដើម្បីរៀបចំចាប់ផ្តើមជុសជុលសាងសង់តូបដែលបានឆេះនៅផ្នែកខាងលើឡើងវិញ។

បើតាមការបញ្ជាក់ពី ឯកឧត្តម សុខ លូ បានឱ្យដឹងថា បើមិនមានអ្វីជាឧបសគ្គទេ បងប្អូនអាជីវករផ្សារបឹងឈូកជាន់ក្រោមអាចចូលលក់ដូរវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

ឯកឧត្តម សុខ លូ បានគោរពអរគុណចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះដំណោះស្រាយដ៏ល្អចំពោះបងប្អូនអាជីវករផ្សារបឹងឈូកទាំងអស់។

សូមរំលឹកថា ថ្មីៗនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។

ចំពោះការជុសជុលតូបដែលបានឆេះឡើងវិញត្រូវរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូបជាដើម។

សំណង់អគារផ្សារបឹងឈូកនេះ បានដំណើរការសាងសង់នៅក្នុងឆ្នាំ១៩៩២ និងសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់នៅក្នុងឆ្នាំ១៩៩៦។អាគារផ្សារបឹងឈូកជាន់ទី១ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនាយប់ថ្ងៃទី៣ ខែវិច្ឆិកា បណ្ដាលឱ្យឆេះអស់តូបចំនួន១៤៨តូប៕