ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បញ្ជាក់ពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា

0

ចិន៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជួប​ពិភាក្សា​ជាមួយ ឯកឧត្តម វ៉ាង ហ៊ូ​នី​ង (Wang Huning) ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន នៅ​មហា​វិមាន​ប្រជាជន រដ្ឋធានី​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ឯកឧត្តម Wang Huning បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​តេ​ជោ និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ឋានៈ​សម្ដេច​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​។ ឯកឧត្តម ពិតជា​រីករាយ​ដែល​បាន​ជួប​សម្ដេច​តេ​ជោ សា​ជាតិ​ថ្មី បន្ទាប់​ពី​ជំនួប​កាលពី​ឆ្នាំ​២០១៦ ដែល ឯកឧត្តម​អញ្ជើញ​អមដំណើរ ឯកឧត្តម​ប្រធានាធិបតី Xi Jinping បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ចិន និង​កម្ពុជា​បាន​បន្ត​អនុវត្ត​នៅ​កិច្ចព្រមព្រៀង​នៃ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម ហើយ​ប្រទេស​ទាំង​ពីរ​បាន​រួម​គ្នា​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​នេះ​ឱ្យ​ឈាន​ទៅ​មុខជា​លំដាប់​។

នា​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ឯកឧត្តម Wang Huning ចំពោះ​ការ​ទទួល​ស្វាគមន៍​សម្តេច និង​គណៈប្រតិភូ​យ៉ាង​កក់ក្តៅ​។ សម្ដេច ពិតជា​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម​សា​ជា​ថ្មី​ម្ដងទៀត​។ សម្ដេច​តេ​ជោ បន្ត​ថា ទស្សនកិច្ច​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ទស្សនកិច្ច​របស់​សម្ដេច​កាលពីដើម​ឆ្នាំ​២០២៣ ក្នុង​គោលដៅ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ លើស​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ទំនាក់ទំនង​មិត្ត​ដែកថែប និង​សហគមន៍​ជោគវាសនា​រួម កម្ពុជា​-​ចិន​។

សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ចិន​តែ​មួយ​របស់​កម្ពុជា​ហើយ កម្ពុជា​នៅ​តែ​ជា​មិត្ត​របស់​ចិន​គ្រប់​កាលៈទេសៈ​។ មិត្ត​ចិន​បាន​ផ្ដល់​នូវ​ការ​គាំទ្រ និង​ជំនួយ មិន​ត្រឹមតែ​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប៉ុណ្ណោះ​នោះ​ទេ ក៏​បុ​ន្តែ ក៏​បាន​គាំទ្រ​ដល់​ឯករាជ្យ​ភាព​ខាង​នយោបាយ​របស់​កម្ពុជា​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​អបអរសាទរ​ដល់​ខួប​ទី​៧៥​ឆ្នាំ​នៃ​ការ​បង្កើត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល​មិត្ត​ចិន​សម្រេច​បាន​នា​ពេល​កន្លង​មក​។ សម្ដេច​តេ​ជោ​មាន​ក្តី​សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ព្រឹទ្ធសភា​កម្ពុជា នឹង​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម Wang Huning បាន​កោតសរសើរ​សម្តេច​តេ​ជោ​ដែល​បាន​រួម​វិភាគទាន​យ៉ាងច្រើន​លើសលុប​ដល់​ការ​អភិវឌ្ឍ​នូវ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។ ឯកឧត្តម លើក​ឡើង​ថា សម្តេច​តេ​ជោ ជា​មិត្ត​ល្អ​របស់​ប្រទេស​ចិន និង​ប្រជាជន​ចិន​។ ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​ការ​បន្តវេន​នៃ​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​របស់​កម្ពុជា​ដែល​បាន​ដើរ​តាម​មាគ៌ា​របស់​សម្ដេច​តេ​ជោ ហើយ បញ្ជាក់​ថា ចិន បន្ត​គាំទ្រ​នូវ​គោលនយោបាយ​របស់​កម្ពុជា​ជា​បន្ត​ទៀត​ផង​ដែរ​។ ឯកឧត្តម បាន​សន្យា​ថា​ប្រទេស​ចិន​នឹង​ផ្សព្វផ្សាយ​ពី​ប្រពៃណី​ដ៏​ល្អ​របស់​កម្ពុជា និង​ជំរុញ​ទេសចរ​ចិន​មក​កម្ពុជា​បន្ថែម​ទៀត​។

ឯកឧត្តម Wang Huning ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​គំនិត​បន្ស៊ី​គ្នា​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​កម្ពុជា ដើម្បី​ព​ន្លឿ​ន​ការ​សម្រេច​រចនាសម្ព័ន្ធ​សំខាន់​ៗ រួម​មាន​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ច្រករបៀង​មច្ឆា និង​អង្ករ និង​ការ​អភិវឌ្ឍ​កសិកម្ម​ទំនើប​ជាដើម និង ការ​កសាង​ច្រករបៀង​គម្រូ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​តេ​ជោ និង​ឯកឧត្តម​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​ស្ថានការណ៍​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ និង​ប្រែប្រួល​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។

ទន្ទឹម​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​អញ្ជើញ​ឯកឧត្តម Wang Huning មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សា​ជា​ថ្មី ដើម្បី​ឯកឧត្តម​អាច​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា បន្ទាប់​ពី​ទស្សនកិច្ច​របស់ ឯកឧត្តម​កាលពី​ឆ្នាំ​២០១៦ និង ជំរុញ​ទំនាក់ទំនង​រវាង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ព្រឹទ្ធសភា​កម្ពុជា ឱ្យ​កាន់​ខ្លាំងក្លា​បន្ថែម​ទៀត​។

ឯកឧត្តម Wang Huning ក៏​បាន​ទទួលយក​នូវ​ការ​អញ្ជើញ​របស់​សម្ដេច​តេ​ជោ ដោយ​ពិនិត្យ​មើល​នូវ​ពេលវេលា​សម​ស្រប​ណាមួយ​នា​ពេល​ខាង​មុខ​។ ជា​ចុង​ក្រោយ ឯកឧត្តម ក៏​បាន​ជូនពរ​សម្ដេច​តេ​ជោ និង​គណៈប្រតិភូ ទទួល​បាន​នូវ​ភាព​ជោគជ័យ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នា​ពេល​នេះ ៕