ភ្នំពេញ៖ ក្នុងសារលិខិតនាឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានណែនាំឱ្យ គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការរួមទាំងមន្ត្រីមានពិការភាពឱ្យ ចេះប្រើប្រាស់ឌីជីថលនៅក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ការងាររបស់អង្គភាពនិងសកម្មភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះ សម្តេចបវរធិបតី ក៏បានអំពាវនាវដល់ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូនានា វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលនូវ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ដោយដាក់បញ្ចូលគោលដៅ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រនេះ ទៅក្នុងផែនការ សកម្មភាពឬកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន និងកំណត់នូវសូចនាករសមិទ្ធផលសម្រាប់អនុវត្តរយៈពេលខ្លី មធ្យម និង វែង ហើយត្រូវធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជនពិការបូកសរុបជារបាយការណ៍ជាតិ។
ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ និងពិធី ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវចំនួន៦ចំណុចផ្សេងទៀត៖
១- ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើននិងពង្រឹងប្រសិទ្ធភាព ការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួលសមាសភាពជាប្រចាំតាមស្ថានភាពប្រែប្រួល ជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ។ ដោយឡែក ក្រសួង ស្ថាប័ន ដែលមិនទាន់បានបង្កើតក្រុមការងារ សកម្មភាពជនពិការ ត្រូវបង្កើតនិងរៀបចំសមាសភាពឱ្យសមស្របទៅតាមបរិបទការងាររបស់ក្រសួង ស្ថាប័ន នីមួយៗ។
២- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវចូលរួមចំណែកយ៉ាងសកម្មជំរុញការផ្តល់សេវានានា ដល់ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើយន្តការអន្តរវិស័យដែលមានស្រាប់ គឺក្រុមប្រឹក្សា សកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជន ពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្ដីពីពិការភាពនៅកម្ពុជា។
៣- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែលមានការទទួល ខុសត្រូវលើសំណង់អគារ និងទីធ្លាសាធារណៈនានា ត្រូវចាប់ផ្ដើមកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ជនមាន ពិការភាពនៅតាមសំណង់អគារនិងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បាន ស្របតាមច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
៤- ក្រសួងសុខាភិបាល និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបន្តសហការគ្នាឱ្យបានល្អជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្ដល់បណ្ណបើកបរដល់ជនមានពិការភាពដោយគ្មាន ឧបសគ្គឬការរើសអើងអ្វីឡើយ ឱ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនដែលទទួលខុសត្រូវលើ មធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវរៀបចំឬកែសម្រួលមធ្យោបាយ ដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បាន។
៥- ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នាឱ្យបាន ល្អបំផុតក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រ និងស្តារលទ្ធភាពពលកម្មតាមគំរូសង្គម ប្រកបដោយគុណភាពនិងដោយមិនគិតថ្លៃ ជូនជនមានពិការភាពដែលក្រីក្រដូចបានកំណត់នៅក្នុងគោល- នយោបាយរបស់រាជរដ្ឋាភិបាល។
និង៦- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់បណ្ណពិការភាព ជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់ បណ្ណស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងការទទួលបានផលប្រយោជន៍នានាពីសង្គម៕







